ទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
ខេត្តកណ្តាល៖ ស្ថិតនៅភូមិព្រែកអំពិល ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅចំណុចក្នុងផ្ទះលក់កាហ្វេ បានបើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ តាមទូរទស្សន៍អនឡាញ យ៉ាងគគ្រឹកគគ្រេង ផ្អើលពេញភូមិ។
តាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា «ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលក់កាហ្វេខាងលើនេះ បើកដំណើរការជាយូរណាស់មកហើយ ហើយក៏មានអ្នកស្រុកភូមិទាំងឆ្ងាយនិងជិត មកជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់រយលានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ»។
ប្រភពដដែលបានបន្ថែមទៀតថា «ទោះបីជាមានល្បែងស៊ីសងខុសច្បាប់ ប្រមូលផ្តុំគ្នាលេងយ៉ាងអនាធិបតេយ្យក្តី ក៏សមត្ថកិច្ចមូលដ្ឋានចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ស្រុក មិនឃើញអើតមុខចេញមកបង្ក្រាបទប់ស្កាត់ដែរ នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន»។
ករណីនេះដែរ ពលរដ្ឋជាច្រើនបានរិះគន់ចំៗ ដល់លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល ព្រោះអធិការស្រុករូបនេះ ដូចជាគ្មានវិធានការទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់ទាំងនេះទាល់តែសោះ (ពោលគឺមានការបណ្តែតបណ្ដោយខ្លាំងណាស់)។
ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំដ៏លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមលោកស្នងការចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន៕