ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ ​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល​ ​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារ សម្រាប់ខែឧសភា.


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារ សម្រាប់ខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ ដើម្បីរួមគ្នាត្រួតពិនិត្យពិភាក្សា និងដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ ពាក់ព័ន្ធនិងរបាយការណ៍ ឯកឧត្តមអភិបាលបាន ជំរុញដល់មន្ទីរជុំវិញខេត្ត ត្រូវខិតខំត្រួតពិនិត្យរបាយការណ៍ប្រចាំខែដែលបញ្ជូនមករដ្ឋបាលខេត្តឱ្យបានត្រឹមត្រូវទាំងខ្លឹមសារ និងទិន្នន័យ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបានក៏បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ពោលគឺយើងមិនត្រូវទុកឱ្យរាល់ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយ ត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍ទើបជាការប្រសើរ។ ទន្ទឹមនឹងនេះ កម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់បន្តពង្រឹងការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសត្រូវបន្តខិតខំផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ ហើយក៏ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីកាត់បន្ថយការស្លាប់ និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវក្តៅនេះ ដូច្នេះកងកម្លាំងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែត្រៀមលក្ខណៈទុកជាមុន សម្រាបជួយធ្វើអន្តរាគមន៍ ឱ្យបានទាន់ពេលវេលាផងដែរក្នុងករណីដែលមានអគ្គីភ័យកើតឡើងក្នុងមូលដ្ឋានខ្លួន។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងនាមអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ គឺត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច ទៅតាមទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ។

 

ផ្សាយ​:ថ្ងៃទី​៧ ខែឧសភា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន

សៅ​ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង