អ្នកនាំពាក្យ ចេញសេចក្តីបញ្ជាក់ព័ត៌មាន ករណីបន្ត មានបុគ្គលយកឈ្មោះនិងរូបភាពជាមួយ ឯកឧត្តមអភិ សន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាម អ្នកដទៃ!

អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នា រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញ សេចក្តីបញ្ជាក់ព័ត៌មាន ជម្រាបជូនសាធារណជនថា ក៏មិនខុសពីកន្លងមកដែរ ថ្មីៗនេះទៀត មានបុគ្គល មួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយ ប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថត ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ ដើម្បី កេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។

សេចក្តីបញ្ជាក់ព័ត៌មាន បានលើកយកករណីជាក់ស្តែង មួយ ដែលមានស្ត្រីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយគំរាមអ្នកដទៃ និង អួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះ ឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ ខ្លួន។ បើតាមអ្នកនាំពាក្យ បន្ទាប់ពីការស្រាវជ្រាវ គឺស្ត្រី ឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយ ឡើយជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ហើយទង្វើនេះ បណ្តាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងជាការបំពាន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែរ។

«ដូច្នេះ ពីអំណឹះតទៅ មិនថាស្ត្រីរូបនោះ គឺរាល់បុគ្គល ផ្សេងទៀត រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ ជាបន្ទាន់ រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬ រូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ទៅប្រើប្រាស់ដើម្បីទាញយក ផលប្រយោជន៍ និងលាភសក្ការៈ ជាពិសេសការយកទៅ អួតអាងកាងគំរាមអ្នកដទៃ ឬយកទៅធ្វើជាខ្នងបង្អែក នៃអំពើខុសច្បាប់របស់ខ្លួន។» នេះជាខ្លឹមសារដាស់តឿន មានក្នុងសេចក្តីបញ្ជាក់ព័ត៌មានដដែល។

អាស្រ័យដូចបានជម្រាបជូន អ្នកនាំពាក្យ ឯកឧត្តម អភិសន្តិបណ្ឌិត បានស្នើជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ ភ្ជាប់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តអំពើមិនគប្បីដូចបានបញ្ជាក់ជូនខាងលើ ហើយក្នុងករណីកើតមានអំពើណាមួយគួរឱ្យសង្ស័យ សូមសាធារណជនទាក់ទងមកខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ដើម្បីជម្រះមន្ទិល៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែ​ឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង