កំពង់ឆ្នាំង-វេទិកាស្ដីពី ការលើកកម្ពស់សីលធម៌សង្គមតាមរយៈព្រះត្រៃបិដកខ្មែរ ត្រូវបានរៀបចំឡើងនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់សហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ

 

រសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វេទិកាស្ដីពី ការលើកកម្ពស់សីលធម៌សង្គមតាមរយៈព្រះត្រៃបិដកខ្មែរ ត្រូវបានរៀបចំឡើង នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់សហការជាមួុយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្ដខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃសាលាគណខេត្តលោកអភិបាលរងខេត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំសាកលវិទនយាល័យ លោកគ្រូអ្នកគ្រូ សមណ:សិស្សសរុបប្រមាណ ២១០រូប។

ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជានាយកប្រតិបត្តិសមាគមអប់រំសីលធម៌អន្តរជំនាន់បានថ្លែងថា វេទិកាស្តីពី«ការ​​លើកកម្ពស់សីលធម៌សង្គមតាមរយៈព្រះត្រៃបិដកខ្មែរ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស ជាពិសេស ផ្ដល់ចំណេះដឹងដល់កុមារនិងយុវជនខាងផ្នែកផ្លូវចិត្ត ពង្រឹងស្មារតី និងតាមរយៈការអប់រំបណ្ដុះបណ្ដាលដោ​យ​យកខ្លឹមសារដែលមានក្នុងព្រះត្រៃបិដកមកធ្វើជាឧបករណ៍សិក្សារៀនសូត្រ និងប្រតិបត្ដិក្នុងជីវិតរស់នៅប្រចាំ​ថ្ងៃ ក្នុងគោលបំណងប្រាកដនិយមដូចខាងក្រោម
១-លើកកម្ពស់ការយល់ដឹងអំពី ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលមាននៅក្នុងព្រះត្រៃបិដកខ្មែរ

២-បង្ហាញឱ្យឃើញថា ព្រះសង្ឃជាឧត្តមភេទដែលផ្សេងពីគ្រហស្ថ ចិញ្ចឹមជីវិតដោយសារអ្នកដទៃ និងឥរិយាបថ អាកប្បកិរិយា ក៏មិនដូចគ្រហស្ថដែរ។

៣-ពង្រឹងសីលធម៌ គុណធម៌ ចរិយាធម៌ ទាំងព្រះសង្ឃនិងគ្រហស្ថ ដើម្បីលើកកម្ពស់តម្លៃផ្ទាល់ខ្លួនក្នុងនាមជាពុទ្ធបរិស័ទ

៤- អភិវឌ្ឍសមត្ថភាពនិងតួនាទីរបស់ព្រះសង្ឃពុទ្ធសាសនាក្នុងសង្គម

៥- ផ្សព្វផ្សាយពុទ្ធវចនៈ ដើម្បីសុខសន្តិភាពនិងវឌ្ឍនភាពសង្គម ។

ឯកឧត្តម ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្ដខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា ព្រះត្រៃបិដក បើយើងសង្ខេបពុទ្ធវចនៈ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធមកនៅត្រឹមតែគោល៣យ៉ាងគឺ
១- មិនឱ្យធ្វើអំពើអាក្រក់ បានដល់ព្រះវិន័យ (វិន័យបិដក)
២- ឱ្យធ្វើតែអំពើល្អ បានដល់ព្រះសូត្រ (សុត្តន្តបិដក)
៣- ឱ្យជម្រះចិត្តឱ្យស្អាត បានដល់ព្រះអភិធម្ម (អភិធម្មបិដក)

ឯកឧត្តមបានបន្តទៀតថា បើពិចារណាគោលពុទ្ធវចនៈទាំង៣នេះ ឃើញថាពាក្យ«សីលធម៌» ដែលយើងយកមកប្រើនៅក្នុងសង្គមមាននៅក្នុងព្រះត្រៃបិដកដោយច្រើនគឺ ស្ថិតនៅក្នុងវិន័យបិដក សំដៅដល់ច្បាប់ ក្រិតក្រមជាដើម។ ក្នុងនោះមានសីលសម្រាប់ព្រះសង្ឃ សីលសម្រាប់គ្រហស្ថ។ ព្រះសង្ឃបើមិនមានសីលទេ មិនមានតម្លៃជាព្រះសង្ឃទេ ចំណែកគ្រហស្ថវិញដូចគ្នា បើមិនមានសីលធម៌ក្នុងការរស់នៅនោះទេ ក៏បាត់បង់តម្លៃខ្លួនក្នុងនាមជាមនុស្សដែរ ព្រោះថា សីលធម៌នេះ គឺបញ្ជាក់ពីតម្លៃមនុស្ស បើបាត់បង់សីលធម៌ គឺស្មើនឹងបាត់បង់តម្លៃមនុស្ស។ តាមរយៈសកម្មភាពនិងវិធីសាស្រ្ដនៃការអនុវត្ដក្នុងវេទិកានេះ យើងជឿជាក់ថា នឹងទទួលបាននូវសមិទ្ធកម្មស្របតាមគោលបំណងដែលអាចរួមចំណែកសម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយ:អង្គវេទិកានេះយើងនឹងទទួលបាន
👉១-ព្រះសង្ឃនឹងបានយល់ដឹងពីតម្លៃនៃព្រះត្រៃបិដកដខ្មែរ ជាបុគ្គលដែលមានតម្លៃ និងជាទីសក្ការបូជានៃជនទាំងពួង

👉​២-ព្រះសង្ឃនឹងក្លាយជាមូលធនសង្ឃក្នុងសង្គមព្រះពុទ្ធសាសនា ព្រោះជាអ្នកមិនទ្រុស្តសីល មិនមាន សេចក្តីលោភលន់ មិបៀតបៀនអ្នកដទៃ មិនមើលងាយអ្នកដទៃ មានសេចក្តីពេញចិត្តក្នុងការសិក្សា
ស្គាល់ច្បាស់នូវទង្វើជាប្រយោជន៍ និងមិនមែនប្រយោជន៍ ជាអ្នកបរិបូណ៍ដោយការព្យាយាមលះបង់

👉៣-ព្រះសង្ឃជាសិក្ខាកាម​ចំនួន២០០រូប បានចូលរួមឈ្វេងយល់អំពីខ្លឹមសារ នៃពុទ្ធឱវាទផ្សារភ្ជាប់នឹងជីវិតរស់នៅនិងបង្កើនកិច្ចបដិបត្ដិដើម្បីក្លាយជាបរិស័ទល្អក្នុងគ្រួសារនិងសង្គមជាតិ

👉៤-ខ្លឹមសារគន្លឹះនៃឱវាទរបស់ព្រះសម្មាសម្ពុទ្ធក្នុងព្រះត្រៃបិដកនឹងត្រូវបានចែករំលែក និងបង្កើនការផ្សព្វផ្សាយដើម្បីឱ្យមានការយល់កាន់តែច្បាស់ពីសីលធម៌ និងសុជីវធម៌ល្អក្នុងការរស់នៅក្នុងសង្គម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកឧត្តម ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្ដខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជារួមនឹងក្រុមការងារបានប្រគេនកង្ហាបំពាក់នៅពុទ្ធិក:វិទ្យាល័យខេត្តកំពង់ឆ្នាំង ១៤គ្រឿង ប្រគេនសាកលវិទ្យាល័យបច្ច័យ ១ ០០០ ០០០រៀល, អង្គរ ១តោន, ទឹកសុទ្ធ ៥០កេស និងទឹកក្រូច ២០កេស និងបវរណាសមណ:សិស្ស ២០៦ព្រះអង្គនូវបច្ច័យ៤ និងសម្ភារសិក្សា១កញ្ចប់។

ព័ត៌មានដែលជាប់ទាក់ទង