ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងត្រូវធ្វើតេស្តដំឡើងឧបករណ៍ឡាស៊ែរនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីភាពនឿយហត់ក្នុងការបើកបរនាពេលយប់។
(ភ្នំពេញ): ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា បានជូនដំណឹងដល់ សាធារណជន និងអតិថិជនថា ការធ្វើតេស្តដំឡើង ឧបករណ៍ឡាស៊ែរនេះ នឹងចាប់ផ្តើម ត្រង់គីឡូម៉ែត្រ លេខ K77+990, K113+700 និង K115+750 ជាកំណាត់ផ្លូវដែលអ្នកបើកបរងាយនឹងប្រឈមមុខ នឹងបញ្ហាគ្រោះថ្នាក់។
ក្រុមហ៊ុនបញ្ជាក់ថា៖«ដើម្បីលើកកម្ពស់សុវត្ថិភាព ក្នុងការធ្វើដំណើរ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីភាពនឿយហត់ក្នុងការ បើកបរនាពេលយប់ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំដំឡើង ឧបករណ៍កាំរស្មីឡាស៊ែរដែលមានមុខងារជួយ ពញ្ញាក់ស្មារតី កាត់បន្ថយភាពនឿយហត់របស់អ្នក បើកបរ ហើយអាចជួយបង្កើនការប្រុងប្រយ័ត្នក្នុង ពេលបើកបរពេលយប់»។
ក្រុមហ៊ុនបានពន្យល់ថា ឧបករណ៍នេះ បញ្ចេញកាំ រស្មីពណ៌បៃតងនាពេលរាត្រី ក្នុងមុំប្រហែល ៤៥ ដឺក្រេទៅខាងលើ ផ្ទុយទិសដៅចរាចរណ៍ របស់យានយន្ត និងអាចបាញ់ពន្លឺក្នុងចម្ងាយ ប្រហែល ៤ ដល់ ៥ គីឡូម៉ែត្រ។
ទោះយ៉ាងណា ការតម្លើងឧបករណ៍នេះមិនបង្កឱ្យ មានផលប៉ះពាល់ដល់អ្នកបើកបរឡើយ។ មិនតែ ប៉ុណ្ណោះ វាថែមទាំងអាចជួយបង្កើនសោភ័ណភាព តាមដងផ្លូវឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ផងដែរ។
នាពេលថ្មីៗនេះ ក្រុមការងារសុវត្ថិភាព និងផ្នែក ពាក់ព័ន្ធផ្សេងៗ របស់ក្រុមហ៊ុន បានសហការជា មួយនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅផ្លូវ ល្បឿនលឿន ចុះធ្វើការផ្សព្វផ្សាយ អំពីសុវត្ថិភាព ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនជូនអតិថិជន។
ក្រុមការងារបានចែកខិតប័ណ្ណផ្សព្វផ្សាយអំពី បម្រាមលើផ្លូវល្បឿនលឿនដល់អ្នកបើកបរ និងអ្នក រួមដំណើរ ណែនាំពីកត្តា ដែលបង្កជាបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ទូទៅនៅលើផ្លូវល្បឿនលឿន ពង្រឹងគោលគំនិតសុវត្ថិភាពក្នុងពេលបើកបរ ដើម្បី ធានាដល់ការធ្វើដំណើរកាន់តែមានសុវត្ថិភាព។
ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ចរាចរណ៍សរុបមានចំនួន១០៧ ១៦០ ដង ដែលបានចរាចរណ៍លើផ្លូវ ល្បឿនលឿន។ ក្នុងរយៈពេលនេះដែរ ក៏មានការ ស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ ១៣៩៩ ចំនួន១៨៦ ខ្សែ។ ក្នុងនោះ មានបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១ ករណី ស្វែងរកជំនួយចំនួន ៨៩ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៦ករណី។
ក្រុមហ៊ុនបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យ អនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវ ល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើស ល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិស ចរាចរណ៍។
ចរាចរណ៍លើផ្លូវល្បឿនលឿនឆ្នាំ២០២៤ ធៀបនឹង ឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់សរុបចំនួន ៥ ២៩០ ៤៨៣ លើ៤ ៩១០ ៤៧៩គ្រឿង ដែលកើន ៣៨០ ០០៤គ្រឿង ស្មើ៧ភាគរយ។
រីឯគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២៣៦ លើ៣១៩លើក (យប់៨៩លើក) ដែលថយចុះ ៨៣លើក ស្មើ៣៥ភាគរយ។ គ្រោះថ្នាក់នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៦ លើ៥នាក់ ដែលកើន១១នាក់ ស្មើ៦៩ភាគរយ៕
ផ្សាយ:ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:ភ្នំពេញប៉ុស្តិ៍
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)