ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍.
(ខេត្តព្រះសីហនុ): រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗដែលជាជនរងគ្រោះដោយសារគ្រឿងញៀន ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍បានឡេីងអានរបាយការណ៍សង្ខេបញ្ចាក់ថា: មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មានផ្ទៃដី ទំហំចំនួន ២០ហិចតា មានទីតាំងនៅភូមិឫទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលមានអគារសរុបចំនួន ២៣អគារ និងមានបន្ទប់ស្នាក់នៅជនរងគ្រោះ សរុប ៧៧បន្ទប់។
មជ្ឈមណ្ឌលមានកម្មវីធីមិត្តអប់រំមិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំនិនជីវិត រោងជាង បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំពីការធ្វើអនាម័យសម្អាតខ្លួនប្រាណ សំលៀកបំពាក់ ការហូបស្អាត ផឹកស្អាត សីលធម៌ រស់នៅល្អ មានវិន័យល្អ និងគោរពបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលមានការចេញហាត់ប្រាណរៀងរាល់ថ្ងៃចំនួន ២ដងផ្សព្វផ្សាយពន្យល់ ណែនាំអំពីផលប៉ះពាល់នៃការសេពសារធាតុញៀន
មជ្ឈមណ្ឌលក៏មានរៀបចំកម្មវិធីប្រកួតបាល់ទាត់ ដល់ជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលរៀបចំសង្ក្រាន្តឆ្នាំថ្មីរៀងរាល់ឆ្នាំ ដល់ជនរងគ្រោះកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌល មានការលេងល្បែងប្រជាប្រិយ បោះអង្គញ់ វាយក្អម ចោលឈូង ដណ្ដឹងស្លឹកឈើ ទាញព្រ័ត្រ លោតបាវ និងរាំលេងកម្សាន្តដឹកនាំការចិញ្ចឹមមាន់ ទា ត្រី ។ល។ ដឹកនាំការដាំដើមឈើ កាប់ដីធ្វើរងបន្លែ ដំណាំផ្សេងៗ និងដាំដើមឈើប្រណិតលម្អមជ្ឈមណ្ឌលដឹកនាំការសម្អាតអាងស្តុកទឹក ជួសជុលបណ្តាញទឹក និងតបណ្តាញអគ្គីសនីតាមអគារក្នុងមជ្ឈមណ្ឌល។
ក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលទទួលជនរងគ្រោះសរុបចំនួន ១១៧៨នាក់ (ស្រី៧០នាក់) បានសមាហរណកម្ម ទៅគ្រួសារ និងសហគមន៍វិញមានចំនួន ១១៣៩នាក់ (ស្រី៣១នាក់)។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានជនរងគ្រោះកំពុងស្នាក់នៅទទួលសេវា ចំនួន ១,៧០២នាក់ (ស្រី ១០៣នាក់)។
ឆ្លៀតក្នុងឨកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានផ្តាំផ្ញើប្អូនៗដែលជាជនរងគ្រោះដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ អោយខំប្រឹងរៀនសូត្រក្រេបយកចំណេះដឹងនៅទីនេះអោយបានល្អ ដេីម្បីអោយប្អូនៗក្លាយជាកូនល្អ ជាពលរដ្ឋល្អ ក្នុងការយកទៅអភិវឌ្ឍន៍ក្រុមគ្រួសារ ប្រទេសជាតិនៅពេលត្រលប់ចេញពីទីនេះ ហេីយសូមជៀសវាងដាច់ខាត់មិនត្រូវប៉ះពាល់គ្រឿងញៀនដែលនាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនទៀតនោះទេ។
** អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតរួមមាន៖
-ត្រសក់ចាវ ១០០ គីឡូក្រាម
-ឆៃប៉ូវ១០០ គីឡូក្រាម
-អង្ករ២៩ តោន
-ទឹកស៊ីអីវ ១៩០ យូរ
-ទឹកត្រី ១៩០ យូរ
-មី១៩០ កេសតូច
-សាច់ជ្រូក ០១ក្បាល ស្មើ ២៥០គីឡូក្រាម
-ថវិកា ១០,០០០,០០០លានរៀល។
ផ្សាយ:ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)