ធុងសំរាមចំនួន ៨២៨ ធុង​ ត្រូវបានប្រគល់ជូនមន្ទីរបរិស្ថានខេត្តព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥​ នេះ លោក ឡុង ឌីម៉ង់ អភិបាល រងខេត្តតំណាងដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់-ទទួលធុងសំរាមដែលជាអំណោយ របស់ក្រសួងបរិស្ថាន ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងឯកឧត្តម ខៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើមយុទ្ធនាការផ្តល់ធុងសំរាម ជូនដល់ខេត្តព្រះសីហនុ សម្រាប់ផ្តល់បន្តទៅកាន់ទីតាំងសាធារណៈសំខាន់ៗមួយចំនួនដូចជា វត្តអារាម សាលារៀន មណ្ឌលសុខភាព​ និង ទីកន្លែង

សារធារណ:ជាដេីម។

លោកបានបញ្ជាក់ថា អំណោយនេះគឺជាការលើកទឹកចិត្តដល់រដ្ឋបាលក្រុង/ស្រុក ក្នុងការជំរុញភាពស្អាត​ និងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឲ្យបានត្រឹមត្រូវ​ហេីយខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចសំខាន់ៗដូចជា ឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដោយយោងលើការរីក ចម្រើនយ៉ាងឆាប់រហ័សនៃការ អភិរឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា ស្របពេលជាមួយកំណើនប្រជាជន បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដូចជា សណ្តាប់ធ្នាប់ អនាម័យ និងសំរាម។

លោក បានលើកឡើងថា បរិមាណសំរាម នៅទីលានចាក់សំរាមអូតាសេក បាន កើនឡើងយ៉ាងគំហុកពី ៣៥០តោន ក្នុង មួយថ្ងៃនៅឆ្នាំ២០២១ ដល់ ៨៥០តោន់ ក្នុងមួយថ្ងៃនៅឆ្នាំ២០២៥។ នេះគឺជា ការទាមទារឱ្យអាជ្ញាធរមូលដ្ឋានមានការ យកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង សំណល់រឹងនេះ។ លោកជឿជាក់ថា យុទ្ធនាការផ្តល់ធុងសំរាមនេះ គឺជាការ បោះជំហានទៅមុខមួយឆ្ពោះទៅកាន់ការ រស់នៅបែបស៊ីវិល័យរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ បាន ថ្លែងថា ការផ្តល់ធុងសំរាមនេះ គឺដើម្បី ជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេស កូនក្មួយ តាមសាលា រៀន មណ្ឌលសុខភាព នឹង វត្តអារាម យល់ដឹងពីការចូលរួមថែរក្សា និងទុកដាក់សំរាម-កាក សំណល់ឲ្យបាន ត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ចង់ ប្លាស្ទិក ដើម្បីងាយស្រួលក្នុងការ គ្រប់គ្រង សំណល់រឹង និងការដឹកជញ្ជូនទៅទីលាន ចាក់សំរាម។

ឯកឧត្តមបានបន្ថែមថា ក្រសួងកំពុងខិតខំ ដាក់ចេញយុទ្ធសាស្ត្រ និងផ្គត់ផ្គង់សម្ភារ បរិស្ថាន ហេតុនេះអាជ្ញាធរខេត្ត និងអ្នក ពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តដើម្បី សម្រេចគោលដៅ។ទាក់ទងនឹងយុទ្ធនាការ កាត់បន្ថយប្លាស្ទិកនៅតាមផ្លូវជាតិ ក្រសួង បានដាក់ចេញផែនការអនុវត្តទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០២៦ ហើយបច្ចុប្បន្ន ផ្លូវជាតិជាច្រើនបានចាប់ផ្តើមស្អាតបណ្តើរៗ ហើយ។

សូមជម្រាបថា ធុងសំរាមដែលក្រសួង បរិស្ថានបានប្រគល់ជូនថ្ងៃនេះ សម្រាប់ផ្តល់ បន្តទៅដល់មណ្ឌលសុខភាព ចំនួន ១៦ មណ្ឌល សាលារៀនចំនួន ២១៥ សាលា វត្តអារាម ចំនួន ៤៥ រត្ត សរុប ១៧៦ ទីតាំង ចំនួនធុងសរុប ៨២៨ ធុង (ដោយក្នុង ១ ទីតាំងទទួលបានធុងសំរាម ៣)៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា

ប្រភព:មន្ទីរ​ព័ត៌មាន​ខេត្ត

 

ព័ត៌មានដែលជាប់ទាក់ទង