សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ កម្ពុជាត្រៀម ធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធ ដើម្បីកសាងអនាគតមួយសម្រាប់ស្ត្រីនិងក្មេងស្រី អាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា.

(ប៉េកាំង)​: សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដា រឺ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្តីពីវឌ្ឍនភាពនៃ ការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅក្នុង ប្រទេសកម្ពុជា ជម្រាបជូនកិច្ចប្រជុំថ្នាក់ដឹកនាំ ពិភពលោក់ ស្តីពីស្ត្រី នៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះថា ចាប់តាំងពី ឆ្នាំ១៩៩៥មក ប្រទេសកម្ពុជាបានអនុវត្តនូវ សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុង ប៉េកាំង ដែលជាគោលការណ៍ណែនាំមួយនៅក្នុង ការអភិវឌ្ឍជាតិ។ “ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម”។

នៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធមក ពីបណ្តាប្រទេសជាង ១០០ ពីគ្រប់ទ្វីបទាំង៥ នៃពិភពលោក។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការដោយ ជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតមួយ ដែលគ្រប់ស្ត្រីនិង ក្មេងស្រីអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន គូសបញ្ជាក់ថា កម្ពុជា បានជំរុញភាពស្មើគ្នា នៃយេនឌ័រនៅក្នុងកម្រិតបឋមសិក្សា និង មធ្យមសិក្សា ហើយក្មេងស្រីជាច្រើនបានបន្ត ការសិក្សានៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ថែមទៀតផង។ អត្រាមរណភាពមាតាបាន ធ្លាក់ចុះពី ៤៣៧ ក្នុង ១០០ ០០០ កំណើត រស់នៅឆ្នាំ២០០០ មកនៅត្រឹម ១៥៤ ក្នុង ឆ្នាំ២០២២។ អំពើហិង្សាក្នុងគ្រួសារបានធ្លាក់ចុះ ពី២៩ ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម១៤ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារតែយើងមានច្បាប់ និងសេវាគាំទ្រផ្តោតលើជនរងគ្រោះ។ស្ត្រីជាច្រើនបានក្លាយជាអ្នកដឹកនាំក្នុងការ អភិវឌ្ឍសហគ្រិន និងសហគមន៍ ដោយទទួល បាននូវការងារ និងហិរញ្ញវត្ថុកាន់តែច្រើនឡើង។ ស្ត្រីជាមន្ត្រីរាជការមានប្រមាណ៤២ ភាគរយ ហើយក្នុងនោះ ២៨ ភាគរយមានមុខតំណែង ជាអ្នកដឹកនាំ។ ស្ត្រីកម្ពុជាជាង ៨០០ នាក់បាន បំពេញការងារប្រកបដោយមោទនភាពនៅក្នុង បេសកកម្មថែរក្សាសន្តិភាព ក្រោមក្របខ័ណ្ឌនៃ អង្គការសហប្រជាជាតិ។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា

 

ព័ត៌មានដែលជាប់ទាក់ទង