ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វេីការបញ្ជាក់ជាថ្មីចំពោះអ្នកលេងបណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ។
(ភ្នំពេញ):នៅមុននេះបន្តិច ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វេីការបង្ហោះសារលេីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:
ជូនបងប្អូនមេត្តាជ្រាបសាជាថ្មី!
អ្នកលេងបណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ។
ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយប៉ុណ្ណោះដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយឈរលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ ការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្រាន់តែឭតាមគ្នា ជាកំហុសឆ្គង និងមិនទទួលខុសត្រូវ។
ដូច្នេះ ខ្ញុំស្នើសូមបងប្អូនអត់ធ្មត់ និងរង់ចាំទទួលព័ត៌មានផ្លូវការដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មានផ្តល់ជាផ្លូវការ ចៀសវាងការច្រឡោត និងភ័យស្លន់ស្លោរ ឬប្រតិកម្មឆ្លើយតបតាមការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងព័ត៌មានដែលគ្រាន់តែឮគេថា។
សូមរក្សាភាពអត់ធ្មត់ គោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងរួមគ្នាផ្តល់តែព័ត៌មានពិតត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងផ្តល់នូវការពិតជូនដល់ពលរដ្ឋ។ ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៎មានដែលគ្មានប្រភពច្បាស់លាស់ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា!
ផ្សាយ:ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)