(រាជធានីភ្នំពេញ): តាមរយៈបណ្តាញហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រោយសម្រាកបានជាង ២ម៉ោង សម្តេច មកប្រចាំការបន្ត ទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្ត អនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារ ខ្លួនប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត។
សម្តេច ក៏បានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បី បំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា ១៨រូប ដែលថៃ ចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា ក្រោយកិច្ច ព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោង ដែលជាការ បំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាម បាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។
សូមរំលឹកថា នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃ បាន ប្រគល់ទាហានមកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូប ប៉ុណ្ណោះ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់ កម្ពុជា ដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្រប តាមច្បាប់មនុស្សធម៌អន្តរជាតិ។
កម្ពុជាទទួលបានវីរៈកងទ័ពចំនួន២រូប នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលរួមមាន អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧ឆ្នាំ មានបញ្ហាសតិអារម្មណ៍ និងឈ្មោះ ព្រិន្ទបាលឯក ម៉ម វុទ្ធី អាយុ ៥៣ឆ្នាំ រងរបួសធ្ងន់ ពេលនេះបង ប្អូនកងកម្លាំង២រូបត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរ ពេទ្យ៕
ផ្សាយ:ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)