កម្ពុជា និងថៃព្រមព្រៀងឈប់បាញ់គ្នាភ្លាមៗនៅពាក់កណ្ដាលអាធ្រាតម៉ោង១១:៥៩នាទី​ យប់ថ្ងៃទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥​ នេះ.​

(បរទេស)​នៅ​រសៀលថ្ងៃ​ទី២៨ ខែកក្កដា​ ឆ្នាំ២០២៥​ នេះជំនួបប្រជុំបន្ទាន់រវាងសម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ Phumtham Wechayachai បានចាប់នៅទីក្រុងកូឡាឡាំពួរ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីចិន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់ គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បាន ឯកភាពគ្នាតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trum​p។

ជាលទ្ធផលក្រោយចរចាអស់រយៈពេល ១ម៉៤០នាទី​ កម្ពុជា​ និងថៃបានឯកភាពគ្នា លើបទឈប់បាញ់ដោយគិតចាប់ពីម៉ោង ២៤:០០ យប់ ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥។កិច្ចព្រមព្រៀងដែលជួយសង្គ្រោះជីវិត មនុស្ស មិនឱ្យបន្តស្លាប់ដោយសារតែការប្រយុទ្ធគ្នា និងមិនបន្ត បន្សល់ទុកស្ត្រីមេម៉ាយ កូនកំព្រា ក៏ដូចជាជនភៀសសឹករាប់សែន នាក់ សម្រាប់ប្រទេសកម្ពុជានិង​ថៃ។

ជាងនេះទៅទៀតកម្ពុជា-ថៃនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការ យោធភូមិភាគ (ភាគីថៃ យោធភូមិភាគ ទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគ ទី៤ និងទី៥) នៅវេលាម៉ោង០៧:០០ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២៥​ និងបន្តរៀបចំកិច្ចប្រជុំ ជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការ ឯកភាពពីភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ (GBC) កម្ពុជា-ថៃ ដែល នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏បានអរគុណ​ ឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិត សម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ​ ព្រមទាំងអរគុណឯកឧត្តម ប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររក ការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។សម្តេចធិបតី​ ក៏បានថ្លែងអំណរគុណផងដែរដល់ រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្ត អោយភាគីទាំងពីរស្វែងរកការឈប់បាញ់និង ចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេស នេះផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែកក្កដា​ ឆ្នាំ២០២៥​។

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា​(Harry​VS)​

 

#ថៃជាអ្នកផ្តើមសង្គ្រាម

#ThailandStartedTheWar

#ไทยเป็นผู้เริ่มสงคราม

#JusticeForCambodia

ព័ត៌មានដែលជាប់ទាក់ទង