ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ចំនួន៣៨៦៨បណ្ណ ដែលរៀបចំដោយអាជ្ញាធរខេត្ត.
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅបិរវេណវត្តកែមូលី ស្ថិតនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៣៨៦៨បណ្ណ ជូនប្រជាពលរដ្ឋ ចំនួន៦ភូមិ ស្ថិតនៅភូមិតាំងស្តុក ភូមិប្រាសាទ ឃុំឈ្វាំង ភូមិតាតូច ភូមិជ្រៃលាស់ ភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរសម្រាប់ប្រជាពលរដ្ឋក្នុងឃុំឈ្វាំង ឃុំភ្នំបាត និងឃុំជ្រៃលាស់ គឺជាប្រជាពលរដ្ឋល្អដែលមានទំនាស់ដីធ្លីតិចបំផុត ក្នុងការចេញបណ្ណកម្មសិទ្ធិជិត៤ពាន់បណ្ណ តែមានទំនាស់ត្រឹមតែ២ប៉ុណ្ណោះ ដែលនេះសបញ្ជាក់អោយឃើញថា ប្រជាពលរដ្ឋទាំង៣ឃុំនេះ គឺជាប្រជាពលរដ្ឋល្អដែលមិនមានទំនាស់ដីធ្លី។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ គឺមិនមានការបង់ប្រាក់នោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធកន្លងមក ក្រុមការងារបានធ្វើការចុះបញ្ជីជូនដោយមិនគិតថ្លៃសេវាឡើយ ហើយក្នុងករណីដែលដីធ្លីមានទំនាស់ នោះក្រុមការងារមិននៅរង់ចាំនោះទេ ហើយនៅពេលដែលបងប្អូនស្នើរសុំចុះបញ្ជីបំពេញបន្ថែម នោះបងប្អូននឹងត្រូវចំណាយនូវថវិកាផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមថា៖ ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនរបស់កម្មសិទ្ធិករ។ ក្នុងន័យនេះ ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ឯកឧត្តមបានបន្ថែមថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ចំនួន០៣ភូមិ ក្នុងឃុំល្វាសរ ស្រុកល្វាឯម ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះចុះបញ្ជីបាន ៦៣ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៥១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥៥% នៃចំនួនភូមិសរុប ហើយថ្ងៃនេះគឺជាលើកទី២៣៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន៦ភូមិ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៣៨៦៨បណ្ណ។
ផ្សាយ:ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)