សាលដីកាតុលាការកំពូលដោះលែងអតីតមេប៉េអឹមក្រុងក្រចេះ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន(ករណីធ្វើទារុណកម្ម និងអំពើហិង្សាលើក្មេង..)
ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសសាលដីកាសម្រេចដោះលែងអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ករណីធ្វើទារុណកម្ម និងអំពើហិង្សាឃោរឃៅមានស្ថានទម្ងន់ទោ សទាក់ទង នឹងជនរងគ្រោះ ។ សាលដីការបស់តុលាការកំពូលគឺសម្រេចដោះលែងជនត្រូវចោទជាបណ្តោះអាសន្ន តាមបណ្តឹងសារទុក្ខ ដោយរង់ចាំសវនាការជំនុំជម្រះលើអង្គសេចក្តី ។
សាលដីកានេះប្រកាសដោយឯកឧត្តម និល ណុន ប្រធានក្រុមប្រឹ ក្សាជំនុំជម្រះ និង ឯកឧត្តម ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល ដោយកំបាំងមុខជនសង្ស័យឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ ឆ្នាំ អតីតមេបញ្ជាការកង រាជអាវុធហត្ថក្រុងក្រចេះ ។
សាលដីកាដោះលែងជនសង្ស័យ ទេព ហ៊ុយ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បើមិនមានជាប់បទល្មើសអ្វីផ្សេងៗ ទេ តុលាការបានដាក់កាតព្វកិច្ចមួយចំនួនដូចជា ៖
១-មិនឲ្យចេញក្រៅប្រទេស
២-ប្រគល់លិខិតឆ្លងដែនឲ្យសាលាដំបូងខេត្តក្រចេះ
៣-ត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រចេះ.ក្រុងក្រចេះ មួយខែម្តង គិតចាប់ពីខែសីហា តទៅ ។
ជនសង្ស័យឈ្មោះ ទេព ហ៊ុយ អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ជាប់ចោទពីបទ.ទារុណកម្ម និងអំពើហិង្សាឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ និងបទគំរា.មកំហែងថានឹងសម្លា.ប់ ប្រព្រឹត្តនៅហាង លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ចំណុចផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២១ ដែលបទល្មើសមានចែងតាមមាត្រា ២១១ មាត្រា ២១៩ និងមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១ ពេលនោះចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារបណ្ដោះអាសន្ន តាមការចោទប្រកាន់ជាផ្លូវពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ករណីហិ.ង្សាលើក្មេងស្រី២នាក់ ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួនធ្វើឱ្យឆ្កែរបស់គាត់ងាប់ ។ សំណុំរឿងនេះមិនទាន់ត្រូវបានតុលាការថ្នាក់ក្រោម លើកយកមកកាត់សេចក្តីនៅឡើយទេ តែជនសង្ស័យមិនអាចដេកក្នុងការឃុំរង់ចាំថ្ងៃកាត់ក្តីនោះបាន ក៏ដាក់ពាក្យប្តឹងឧទ្ធរណ៍ និងប្តឹងសារទុក្ខដល់កំពូល រហូតមានសាលដីកាសម្រេចដោះលែងបណ្តោះអាសន្ននៅពេលនេះ ៕