សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួងការពារជាតិ​ ទាក់ទិនទៅនឹងកងទ័ពថៃ មិនគោរពកិច្ចព្រមព្រៀងតាមរយៈ បង្ហោះដ្រូន ចល័ត អាវុធ សព្វាវុធ ជីកលេដ្ឋាន តាមព្រំដែន ខេត្តព្រះវិហារ និងឧត្តរមានជ័យ.

សេចក្តីប្រកាសព័ត៌មាន

ក្រសួងការពារជាតិមានកិត្តិយសសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីការវិវត្ត ថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖

កម្ពុជាមានបំណងរក្សាសុខសន្តិភាព និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការ អន្តរជាតិ (ICJ) នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយសន្តិវិធី និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់។ ក្រៅអំពីនេះ កម្ពុជាបានរៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយបានឯកភាពគ្នាលើកិច្ចការដែលភាគីកម្ពុជា-ថៃត្រូវបំពេញបន្តទៀត។

ជាការសោកស្តាយ ភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000)។ ភាគីថៃបាន បង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។

កងទ័ពកម្ពុជាគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និង ប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេស ណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

 

ផ្សាយ​:ថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង