ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ​អញ្ជើញ​ជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ.

(ភ្នំពេញ)​នៅថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ២០២៥​ នេះ​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានអញ្ជេីញ​ជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ ក្នុងនោះមានការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាននិងសោតទស្សន៍ដូចខាងក្រោម៖

១-ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥

២-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈណែនាំឱ្យក្រុមហ៊ុនចែកចាយភាពយន្តនិងរោងភាពយន្តទាំងអស់បញ្ឈប់ការនាំចូល​និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងៗចាប់ពីម៉ោង១២ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥​

៣-សហព័ន្ធកីឡាប្រដាល់គុនខ្មែរ​​​បានណែនាំឱ្យម្ចាស់ស្ថានីយទូរទស្សន៍និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខេមិថុនា ឆ្នាំ២០២៥

ជាមួយគ្នានេះ ឯកឧត្តម​បានគូសបញ្ជាក់ថាការចាក់ផ្សាយរឿងភាពយន្តថៃក៏ត្រូវបានហាមឃាតនៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង