ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត និងលោកជំទាវ នាំភាពកក់ក្ដៅនិងថាមពលអង់អាច ពីសម្ដេចធិបតី ទៅគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី.

(ខេត្ត​ព្រះវិហារ)​: ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត។

ពិធីសំណេះសំណាលបានធ្វើឡើងនៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់មុំបី ព្រំដែនកម្ពុជា ថៃ និងឡាវ ដោយក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត និងលោកជំទាវ ដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅគ្រប់បែបយ៉ាងដល់នគរបាលការពារព្រំដែន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បាននាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវបទបញ្ជាសហការការពារជាដាច់ខាត ដែនអធិបតេយ្យភាពជាតិ និងបានថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃនាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី ខេត្ត បានសហការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំទ្រជំនួយស្បៀងអាហារសម្ភារៈដល់នគរបាលការពារព្រំដែន ជាក់ស្ដែងចុងក្រោយនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត រាជធានីភ្នំពេញ និងនៅថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បាននិងកំពុងនាំមកនូវជំនួយគាំទ្រជាច្រើនផងដែរ។

ជាការកត់សម្គាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។ ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ។

ទោះបីជាអាកាសធាតុនៅតំបន់មុំបី មានភ្លៀងរលឹមឥតដាច់ ទាំងយប់ ទាំងថ្ងៃ និងទាំងក្នុងឱកាសនៃការប្រារព្ធពិធីសំណេះសំណាល ប៉ុន្តែកម្លាំងនគរបាលការពារព្រំដែន ដែលចូលរួមនាឱកាសនោះ បានទទួលនូវថាមពលផ្លូវចិត្តប្រកបដោយភាពកក់ក្ដៅ និងស្មារតីកាន់តែអង់អាចក្លាហាន។ លោកបន្តថា ក្នុងបរិយាកាសប្រកបដោយភាពជឿជាក់ និងមោទនភាពនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ក៏ប្រកាសពីជំនួយគាំទ្រដែលនាំមកជូននាឱកាសនេះ ក្នុងនោះក៏រួមទាំងជំនួយ ពីសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវផងដែរ៕

អំណោយក្រសួងមហាផ្ទៃ ដែលបានប្រគល់ជូន រួមមាន ៖

១. គណៈបញ្ជាការ ១៨៧ ថវិកា ២០លានរៀល អង្ករ ១៧តោន មី ១៧កេសធំ ត្រីខកំប៉ុង ១៧កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

២. ទីបញ្ជាការភូមិភាគទី៤ ថវិកា ២០លានរៀល អង្ករ ១៦តោន មី ១៦កេសធំ ត្រីខកំប៉ុង ១៦កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៣. វរសេនាតូច លេខ១០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៤. វរសេនាតូច លេខ៧៩៣ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៥. វរសេនាតូច លេខ៧៩៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៦. វរសេនាតូចអន្តរាគមន៍ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៧. វរសេនាតូច លេខ៩០៥ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៨. វរសេនាតូច លេខ៧០២ ថវិកា ៥លានរៀល អង្ករ ១០តោន មី ១០កេសធំ ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

៩. នគរបាលបេតិកភណ្ឌ ថវិកា ៤លានរៀល អង្ករ ៥តោន មី ៥កេសធំ ត្រីខកំប៉ុង ៥កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

១០. នគរបាលទេសចរណ៍ ថវិកា ២លានរៀល អង្ករ ២តោន មី ២កេសធំ ត្រីខកំប៉ុង ២កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

១១. សិក្ខាកាម (៣គោលដៅ) ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល

១២. ក្រុមគ្រូពេទ្យ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក៏បានឧបត្ថម្ភថវិកាបន្ថែមពីលើអំណោយរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖

១. ទីបញ្ជាការភូមិភាគទី៤ ថវិកាបន្ថែម ចំនួន ៦៥លានរៀល

២. វរសេនាតូច លេខ១០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល

៣. វរសេនាតូច លេខ៩៧៣ ថវិកាបន្ថែម ចំនួន ៥លានរៀល

៤. វរសេនាតូច លេខ៩៧៥ ថវិកាបន្ថែម ចំនួន ៥លានរៀល

៥. វរសេនាតូចអន្តរាគមន៍ ថវិកាបន្ថែម ចំនួន ៥លានរៀល

៦. វរសេនាតូច លេខ៩០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល

៧. វរសេនាតូច លេខ៧០២ ថវិកាបន្ថែម ចំនួន ៥លានរៀល

៨. នគរបាលបេតិកភណ្ឌ ថវិកាបន្ថែម ចំនួន ៤លានរៀល

៩. នគរបាលទេសចរណ៍ ថវិកាបន្ថែម ចំនួន ៦លានរៀល។

ក្នុងនោះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មេបញ្ជាការជួរមុខ និងអតីតមេទ័ពខ្មែរក្រហម ចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០លានរៀលផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង