ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គជុំ ហៅវត្តតាអោក ស្រុកពញាឮ ខេត្តកណ្តាល.
(ខេត្តកណ្តាល)៖ព្រះវិហារថ្មីដ៏វិចិត្រ និងស្កឹមស្កៃសាងសង់
តាមរចនាបថស្ថាបត្យកម្មខ្មែរបុរាណ លើខឿនពីរជាន់, កំពស់ពីក្រោមដល់កំពូលត្រីសូល៍ ៣១ម៉ែត្រ៩តឹក, មានសសរចំនួន៦០ដើម, សសរក្នុងចំនួន១២ដើម, សសរក្រៅចំនួន ២៨ដើមលំអដោយ ក្បូរក្បាច់រចនា និងលាបពណ៌មាសភ្លឺរលោង, តួព្រះវិហារមានបណ្តោយ ២០ម៉ែត្រ៣តឹក, ទទឹង១១ម៉ែត្រ៣តឹក,ដំបូលប្រក់ក្បឿងស្រកាលិញ តុបតែងលំអដោយជហ្វាដងក្តារ និងហោជាងបំពាក់នូវក្បាច់ផ្កាភ្ញីលាបពណ៌យ៉ាងល្អប្រណីត និងដងទង់១គូរកម្ពស់២១ម៉ែត្រ ក្នុងវត្តអង្គជុំ ហៅវត្តតាអោក ស្ថិតនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានដាក់សម្ភោធអោយប្រើប្រាស់តាមវិស័យព្រះពុទ្ធសាសនា ត្រូវបានសាងសង់អស់រយៈ១ឆ្នាំ ៨ខែ និង ៨ថ្ងៃ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៤៣៥, ៤៧៦$ (បួនសែនបីម៉ឺនប្រាំពាន់បួនរយចិតសិបប្រាំមួយដុល្លារ) និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ និងដាក់សម្ភោធអោយប្រើប្រាស់ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះពោធិវង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអបអរសាទរ កោតសរសើរ និងថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅ ថ្វាយ ប្រគេន និងជូនចំពោះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ ព្រះភិក្ខុជោតិវរោ ជួប នី ព្រះចៅអធិការវត្តអង្គជុំ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានខិតខំលះបង់យកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងកៀរគរធនធានថវិកា ក្នុងការជួសជុល និងកសាងស្ថាបនា វត្តអង្គជុំ រហូតសម្រេចបាននូវសមិទ្ធផល គួរជាទីមោទនៈខាងលើ ដែលជាការចូលរួមដ៏ឧត្តុង្គឧត្តម ក្នុងការអភិវឌ្ឍវិស័យពុទ្ធចក្រ ឱ្យកាន់តែមានការរីកចម្រើន។
ឯកឧត្តមបានបន្តថា៖ វត្តអារាមរបស់ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមខែ្មរ។ ទីវត្តអារាម ជាកន្លែងសម្រាប់អប់រំចិត្ត គោរពបូជាតាមផ្លូវជំនឿសាសនា និងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ជាថ្នាលបណ្តុះនិងថែរក្សានូវគម្ពីរក្បួនច្បាប់ អក្សរសាស្រ្ត ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី តម្លៃសីលធម៌ និងធនធានមនុស្សខាងបញ្ញាស្មារតី តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទទំាងអស់ នាំគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមដែលកំពុងទទួលបាននាពេលនេះឱ្យបានគង់វង្ស សន្តិភាព និងការអភិវឌ្ឍដែលកើតចេញពីស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សូមជួយគាំទ្រ សម្តេចមហាបវរធិបតី ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌ អន្តរជាតិ (International Court of Justice – ICJ) និងសូមជួយគាំទ្រដល់កងទ័ពដែលឈរជើងនៅព្រំដែន និងសូមប្រុងប្រយ័ត្ននឹងព័ត៌មានមិនពិតលើបណ្តាញសង្គម ដែលអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គម៕
ផ្សាយ:ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)