មន្ត្រីរាជការ​ ២៧រូប របស់ក្រុងកំពង់សោម​ នៃ​ខេត្ត​ព្រះសីហនុ​ ត្រូវបានប្រកាសមុខតំណែងគ្រប់គ្រងរចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុងកំពង់សោម.

(ខេត្ត​ព្រះសីហនុ)​: នាព្រឹកថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ២០២៥​រដ្ឋបាលក្រុងកំពង់សោមដឹកនាំដោយលោក នួន​ ប៊ុនថុល​អភិបាលក្រុងកំពង់សោម​ នៃ​ខេត្តព្រះសីហនុ​ បានរៀបចំ

ពីធីប្រកាសមុខតំណែងគ្រប់គ្រងរចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុងកំពង់សោម​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​ ​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម​ ខេត្តព្រះសីហនុ​.

ក្នុងពិធីនោះមានមន្ត្រីចំនួន២៧រូប​ ត្រូវបានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចេញ​សេចក្តី​សម្រេច​ ស្តីពីការធ្វើសមាហរណកម្មមន្ត្រីរាជការ​ ដោយបានការគាំទ្រ​ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តបានរៀបចំសំណើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ.

ក្នុង​ឱកាស​នោះដែរ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ក៏​បានចូលរួម​អបអរ​សាទរ​ចំពោះ លោក លោកស្រី ទាំង២៧រូប ដែលត្រូវបានគណៈ

កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ

នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)សម្រេចធ្វើសមាហរណកម្មមន្ត្រីរាជការ និងរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់ សោម នៃខេត្តព្រះសីហន តាមសេចក្តីសម្រេចលេខ០៥៥ សសរ/គ.ជ.អ.ប ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម​ ​អភិបាល​ខេត្ត​សង្ឃឹមជឿជាក់ថាលោក លោកស្រីទាំង២៧រូប នឹងប្រើប្រាស់សមត្ថភាព បទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែង ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ឱ្យកាន់តែមានការរីកចម្រើនរួមគ្នាអភិវឌ្ឍក្រុងកំពង់សោម សម្រេចបាននូវសមិទ្ធផល​ និងស្នាដែថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតបទៅ នឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក-លោកស្រីទាំង២៧រូប​ បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

១-ប្តេជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កំ លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំរើសេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធិផល ប្រកបដោយឆន្ទៈម្ចាស់ការ ភក្ដីភាព សិលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់សាធារណៈរបស់រាជរដ្ឋាភិបាល

២-ប្តេជ្ញាសហការដឹកនាំអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំង គោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្របតាមច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន

៣-ប្តេជ្ញាខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងក្រុង ឱ្យមាន ប្រសិទ្ធភាព

៤-ប្តេជ្ញាសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកវិទ្យានវានុវត្តន៍ស្រប តាមបច្ចេកវិទ្យា ៤.០ និងចំណេះដឹងផ្សេងៗទៀតឱ្យកាន់តែមានភាពរីកចំរើន

៥-ប្តេជ្ញាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រម សីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការ ស្របតាមលក្ខន្តិកៈ ដោយឡែកមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

៦-ប្តេជ្ញារក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និង មន្ទីរ-អង្គភាពជំនាញនានាក្នុងខេត្ត។

 

ផ្សា​យៈ​ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង