ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ|សារលិខិតផ្ញេីជូន លោក ជំទាវ សាប៊ី ពិន្តា ព្រមទាំងក្រុមគ្រួសារ.
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
សាររំលែកទុក្ខ
ផ្ញើជូន
លោកជំទាវ សាប៊ី ពិន្តា ព្រមទាំងក្រុមគ្រួសារ
លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន !
ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹង ដ៏ក្រៀមក្រំថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ អតីតសមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនាថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ មិនត្រឹមតែជាការបាត់បង់នូវស្វាមី ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្ម វិហារធម៌ចំពោះកូនៗចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនស្នេហា ជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងសំខាន់បំផុតក្នុងការស្តារ និង អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានបន្សល់ទុកនូវស្នាដៃជាច្រើន ក្នុងការបម្រើអង្គការនីតិប្បញ្ញត្តិកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ សូមបានដល់ឋានបរមសុខ និងឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ សាប៊ី ពិន្តា ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំនិងភរិយា។
ផ្សាយ:ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)