ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើក ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨៣៤០ម៉ែត្រ នៅស្រុកព្រះស្តេច​ ខេត្ត​ព្រៃវែង.

(ខេត្ត​ព្រៃវែង)​:នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង បានជាអធិបតីពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ នៅភូមិព្រីង ឃុំក្រាងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ដែលបានបើកការដ្ឋានស្ថាបនានេះ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ (ត្រង់គីឡូម៉ែត្រ លេខ៨៣+៣០០) ស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី នៃ ស្រុកព្រះសម្តេច ដោយត្រូវចំណាយពេលវេលា ស្ថាបនាពី ៦ខែ ទៅ ៨ខែ ទើបរួចរាល់។

ការបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST នេះដែរ ក៏ជាតឹកតាងថ្មីបន្ថែមទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃរបស់សម្តេចមហាបររធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការបន្តលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាម មូលដ្ឋាន ស្របទៅតាមការអភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចជាតិ ជាពិសេសឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ខណៈដែលកម្ពុជាយើង បាន និងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ ចក្ខុវិស័យឆ្នាំ២០៥០ ពោលគឺក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់៕

 

ផ្សាយ​:ថ្ងៃទី​១២ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង