ឯកឧត្តម នេត្រ ភក្ត្រា អរគុណពលរដ្ឋដែលជឿជាក់លើរដ្ឋាភិបាល ដឹកនាំដោយបក្សប្រជាជនកម្ពុជា, សូមពលរដ្ឋរួមគ្នាថែរក្សាសន្តិភាពឱ្យនៅគង់វង្ស សម្រាប់ភាពរីកចម្រើនរបស់កម្ពុជាទាំងបច្ចុប្បន្ន និងអនាគត.
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានថ្លែងអរគុណប្រជាពលរដ្ឋ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក៏ដូចពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតគាំទ្រភ្លុកទឹក ភ្លុកដី ជូនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ដឹកនាំរាជរដ្ឋាភិបាល និងគាំទ្រ ជឿទុកចិត្តសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី និងបន្តការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន។
ការថ្លែងអំណរគុណបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុ ជាឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គិតដល់ឆ្នាំ២០២៥ គឺមានរយៈពេល២៦ឆ្នាំហើយដែលកម្ពុជា ទទួលបានសុខសន្តិភាពពេញ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការរំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ហើយសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ, សន្តិភាព គឺជាឱសថទិព្វសម្រាប់មនុស្សគ្រប់រូប សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះឱ្យនៅគង់វង្ស។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណចំពោះអ៊ុំ ពូមីង បងប្អូនទាំងអស់ ជាពិសេសគឺនៅក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលបានអញ្ជើញទៅបោះឆ្នោតនៅពេលកន្លងទៅ ជាពិសេសគឺបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២ និងបោឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣ កាលអញ្ជើញទៅបោះឆ្នោរបស់អ៊ុំ ពូ មីង គឺបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដឹកនាំឃុំ សង្កាត់ និងដឹកនាំរាជរដ្ឋាភិបាល»។
ត្រង់ចំណុចនេះដែរ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។
ក្នុងនាមថ្នាក់ដឹកនាំគណបក្សបក្សប្រជាជនកម្ពុជា និងសមាជិកសមាជិកា, ខ្ញុំសូមសម្តែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ មុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់បំផុត។ ឆ្លើយតបនឹងជំនឿទុកចិត្តនេះគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ, ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិលើកកម្ពស់ជីវភាពរបស់ប្រជាជន។
នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារបានអរគុណដល់សន្តិភាពដែលរកមកបានដោយពិបាកដោយស្នាដៃជនជាតិខ្មែរ, សន្តិភាពនេះធ្វើឱ្យកម្ពុជាមានថ្ងៃនេះ និងបង្កើតក្តីសង្ឃឹមក្នុងជីវភាពបន្តទៅមុខ រួមទាំងឱកាសក្នុងការចូលរួមចែករំលែកជួយគ្នាដូចពេលនេះ ហើយក៏ជាសន្តិភាពសម្រាប់កូនចៅ ដែលកំពុងមានជីវិតរស់នៅ ក្នុងការរីករាយទទួលផលពីផ្លែផ្កានៃសន្តិភាព។ ដូច្នេះ ការកសាងសមិទ្ធផលផ្សេងៗនៅទូទាំងប្រទេសកម្ពុជា គឺជាការឆ្លើយតបដែលប្រជាពលរដ្ឋបានទម្លាក់សន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំរដ្ឋាភិបាល ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
និយាយដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តក្រចេះ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ខ្វាត់ខ្វែង ដែលបានកែប្រែមុខមាត់ខេត្តក្រចេះ និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ សុខសន្តិភាពបានធ្វើឱ្យជីវភាពរស់នៅល្អប្រសើរ និងកំពុងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេសបានជួបជុំកម្សាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ក្នុងឱកាសបុណ្យទានតូចធំផ្សេងៗ បានជួបជុំគ្នា រួមចិត្ត រួមគ្នាធ្វើ ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ និងសម្តេចៗ ដែលជាថ្នាក់ដឹកនាំ គឺដើម្បីឱ្យស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណណបក្សដឹកនាំអំណាចតទៅមុខទៀត គោលដៅ ភារកិច្ច និងគោលបំណងបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា គឺការបន្តថែរក្សានិរន្តភាពនៃសុខសន្តិភាព ធ្វើឱ្យជីវភាពប្រជាជនកាន់តែសម្បូរសប្បាយ ជាពិសេសការខិតខំបើកឱកាសបន្ថែមទៀត ឱ្យកូនចៅជំនាន់ក្រោយៗឱ្យកាន់តែរុងរឿង។
ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ៕
ផ្សាយ:ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
រូបភាព: ឡុង ដេវីត
ប្រភព:ឯ.ឧ នេត្រ ភក្ត្រា(ឆាណែល)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)