នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យក្រុមការងារចុះស្រាវជ្រាវករណីពលរដ្ឋប្តឹងមេប៉េអ៊ឹមខេត្តស្ទឹងត្រែង ទៅប្រធានព្រឹទ្ធសភា
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យរៀបចំក្រុមការងារ ដើម្បីចុះធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ រកឲ្យឃើញការពិត ទាំងការដឹកនាំបញ្ជា និងការកសាងនីតិវិធី ពាក់ព័ន្ធករណីបុគ្គល ប្រជាពលរដ្ឋម្នាក់ឈ្មោះ ជា វុទ្ធី បានប្តឹងចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ ក្នុងករណីនេះ បើយោងតាមអ្នកនាំពាក្យកងរាជអាវុធហត្ថ ។
អ្នកនាំពាក្យកងរាជអាវុធហត្ថ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអោយដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា រយៈពេលប៉ុន្មានថ្ងៃនេះ មានព័ត៌មានជាច្រើន ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាននានា អំពីពាក្យសុំអន្តរាគមន៍របស់ឈ្មោះ ជា វុទ្ធី ទៅព្រឹទ្ធិសភា និងទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងករណីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួន១រូប ប្រើប្រាស់អំណាច តួនាទីសម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការនោះ លោកជម្រាបជូនថា កងរាជអាវុធហត្ថបានទទួលព័ត៌មាននេះជាច្រើនថ្ងៃមកហើយ ហើយក៏បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងសេចក្តីបញ្ជាក់របស់តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង អំពីរឿងហេតុនេះដូចខាងក្រោម ៖
១-នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីជីករុករករ៉ែ ដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បានចុះផ្ទាល់ក្នុងការដឹកនាំ និងសម្របសម្រួលនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា វុទ្ធី មកសាកសួរនៅកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា គាត់បានសម្របសម្រួលនីតិវិធី និងសម្រេចឲ្យឃាត់ខ្លួនដើម្បីសួរនាំ រហូតបញ្ជូនសំណុំរឿង និងឈ្មោះ ជា វុទ្ធី មកដល់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្ត។
២-លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា រូបគាត់ និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ មិនបានសម្លុត គំរាមកំហែងទៅលើឈ្មោះ ជា វុទ្ធី ដូចការចោទប្រកាន់នោះឡើយ ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា កងរាជអាវុធហត្ថនៅតែទទួលយកពាក្យបណ្ដឹង នឹងធ្វើការស្រាវជ្រាវរកការពិត ពីព្រោះ កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ការពារ បម្រើ សង្គ្រោះប្រជាជន គ្រប់កាលៈទេសៈ និងត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ប្តឹងបុគ្គល(ឈ្មោះ ជា វុទ្ធី)នោះវិញ ក្នុងករណីរកមិនឃើញកំហុស ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់យោធិននៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីការពារអង្គភាព និងបុគ្គលិកនៃកងរាជអាវុធហត្ថ ។
សូមជម្រាបដែរថា បើយោងតាមលិខិតរបស់ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ជម្រាបជូន នាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានទទួលពាក្យសុំអន្តរាគមន៍មួយច្បាប់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ របស់ឈ្មោះ ជា វុទ្ធី មានទីលំនៅភូមិ/ឃុំ/ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គោរពចូលមក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួយអន្តរាគមន៍ រកយុត្តិធម៌ ក្នុងករណីលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ និងលោក ភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ប្រើប្រាស់អំណាច តួនាទី សំឡុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំង ដោយគ្មានដីកាតុលាការ ។
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានបន្តថា តាមការអះអាងរបស់ឈ្មោះ ជា វុទ្ធី បានបញ្ជាក់ថា “ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ខ្ញុំបានយកលិខិតផាកពិន័យ ចេញពីមន្ទីររ៉ែ និងថាមពល អំពីរឿងអ្នករុករកថ្មម៉ាប ដើម្បីយកទៅឲ្យ មន្ត្រីកងរាជអាវុធហត្ថ ត្រួតពិនិត្យ ដោយខ្ញុំបាទ បានទៅដោយផ្ទាល់ ដល់ទីតាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ នៅទីនោះ មានវត្តមានលោក អៀង វ៉ាន់ឌី និងលោក ភុយ ខ្វៃ និងមានកូនចៅ មួយចំនួនទៀត ។ ក្រោយពីបានប្រគល់ លិខិតរួចហើយ រូបខ្ញុំ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ចាប់សម្លុត គំរាមកំហែង និងបង្ខំឲ្យខ្ញុំ ឆ្លើយតាមរបាយការណ៍ ដែលពួកគេ បានរៀបចំរួចជាស្រេច និងឲ្យផ្តិតមេដៃ ទាំងខ្ញុំ មិនបានដឹង អ្វីទាល់តែសោះ ថាអ្នកណាជាអ្នកប្រព្រឹត្ត ព្រោះគាត់ គ្រាន់តែជាអ្នកនាំសារយកក្រដាសផាកពិន័យ មកឱ្យកងរាជអាវុធហត្ថពិនិត្យមើល ប៉ុណ្ណោះ ។ លើសពីនេះ មន្ត្រីកងរាជអាវុធហត្ថ ខាងលើ បានរឹបអូសយកម៉ូតូ ទូរសព្ទដៃ និងប្រាក់មួយចំនួន រួចបន្តឃុំខ្លួនខ្ញុំ នៅទីនោះ អស់រយៈពេល ១ថ្ងៃ ១យប់” ៕