ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម និងឯកឧត្តម ងួន រតនៈ អភិបាល ខេត្តកំពង់ធំ ពិនិត្យការខូចខាតដំណាំស្រូវ ដោយជំនន់ទឹកភ្លៀងនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអមដំណើរ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធនានានៅក្នុងខេត្ត បានអញ្ជើញទៅពិនិត្យ ផលប៉ះពាល់ និងការខូចខាតដំណាំស្រូវរបស់ប្រជាកសិករនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្នុងស្ថានភាពជំនន់ទឹកភ្លៀងរយៈពេលជិតមួយខែកន្លងមកនេះ បានបណ្ដាលឱ្យមានការ ខូចខាតនិងប៉ះពាល់ ដល់ដំណាំ ស្រូវនៅបណ្ដាលស្រុកនានាមួយចំនួននៅក្នុងខេត្តកំពង់ធំ ជាក់ស្ដែងនៅឃុំត្បែង ស្រុកកំពង់ស្វាយ នេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករយើងចំនួនប្រមាណ ៤៣៣ហិតា ដោយត្រូវលិចទឹកខូចខាត មិនអាចស្ដារឡើងវិញបាន នឹងរង់ចាំនៅពេលទឹកស្រកទើបរៀបចំការធ្វើស្រូវបណ្ដេញទឹកជាថ្មីទៀត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លៃងនូវការសោកស្ដាយចំពោះ ការខូចខាតផលដំណាំ ស្រូវរបស់បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ និងបានដាក់វិធានការឲ្យអាជ្ញាធរខេត្តស្រុក ឃុំ និងមន្ទីរពាក់ព័ន្ធពិសេសមន្ទីរកសិកម្ម ដើម្បីរៀបចំប្រុងប្រៀបពូជស្រូវ ពេលដែលទឹកស្រកនិងផ្ដល់ជូនដល់ប្រជាកសិករដើម្បីបង្កបង្កើនផលជាថ្មី ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដាក់បទបញ្ជាដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀម រៀបចំកងកម្លាំង ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ និង ជួយច្រូត កាត់ប្រមូលផលស្រូវរបស់បងប្អូននៅតាមបណ្ដាស្រុកមួយចំនួន ដែលរងផលប៉ះពាល់ ប៉ុន្តែមិនទាន់ មានការ ខូចខាតផលស្រូវនៅឡើយ ដើម្បីជួយដល់ប្រជាកសិកររបស់យើង កុំឱ្យមានការខាតបង់ច្រើន។