កិច្ចប្រជុំពិភាក្សាជាមួយម្ចាស់អគារ ជាប់គាំងដែលមិនទាន់បានដាក់ពាក្យស្នើសុំនៅក្នុងកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​ ក្រោមអធិបតី​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត។

(ព្រះសីហនុ)​: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ កាលពីនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥​បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់អគារ ជាប់គាំងដែលមិនទាន់បានដាក់ពាក្យស្នើសុំនៅក្នុងកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើង ថាតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយលោក លោកស្រី ដែលជាម្ចាស់អគារឬក៏ម្ចាស់ក្រុមហ៊ុន អាចស្នើសុំមក ក្រុមការងារដើម្បីទទួលបានការលើកទឹកចិត្ត។

ទន្ទឹមនេះ ការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលន

ទ្រព្យសម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាត លើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់ រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៥។

ការផ្តល់ជូននេះមានវិសាលភាពគ្របដណ្តប់ចំពោះគម្រោងអគារ ជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុង ក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ព្រះសីហនុ”។ ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួល បានការសម្រួល និងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពី ការលើកលែងពន្ធលើអចលនទ្រព្យនេះ។

រដ្ឋបាលខេត្ត ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំងនិង ការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ ម្ចាស់គម្រោង។ ដូចនេះសូមឱ្យម្ចាស់អគារឬម្ចាស់ក្រុមហ៊ុន ទាំងអស់ត្រូវទៅស្នើសុំកម្មវិធីពិសេសជំរុញការវិនិយោគឱ្យបាន គ្រប់ៗគ្នាដោយមិនមានបង់ថវិកាអ្វីនោះឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៣០ ខែមេសា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង