ដោយសារភ្លើងប្រច័ណ្ឌ បុរសវយ័ចំណាស់ជាអនិកជនខ្មែរអាមេរិកកាំង យកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ រួចរត់គេចខ្លួនបាត់ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ មានអំពើឃាតកម្ម ប្រព្រឹត្តដោយអនិកជនខ្មែរអាមេរិក វ័យ៦៨ឆ្នាំ បានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ ចោលកូន២នាក់ រួចជិះម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូន ប្រជាពលរដ្ឋ មានលំនៅឋានជិតៗគ្នានោះ ។
ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ ខណៈជនសង្ស័យជាប្ដីឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក។ នេះបើយោងតាមព័ត៌មានបឋម ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបានប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា, បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ ដើមឡើយគាត់លឺសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចាក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
អំពើឃាតកម្មនេះ សមត្ថកិច្ចកំពុង យកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ខណៈជនដៃដល់ជាឃាតករ បាននិងកំពុងគេចខ្លួន។
នៅកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យជាប្ដី។ សម្រាប់មូលហេតុ ដែលនាំឲ្យមានអំពើឃាតកម្មនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ។ ដូច្នេះរង់ចាំការបញ្ជាក់លំអិតពីសមត្ថកិច្ចជំនាញ ដើម្បីធ្វើការផ្សព្វផ្សាយលំអិតជូនបងប្អូនប្រិយមិត្ត នៅរឿងហេតុខាងលើកនេះឲ្យបានច្បាស់លាស់។ ប៉ុន្តែករណីអាចកើតឡើងដោយភ្លើងប្រចណ្ឌ ៕