ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំប្រតិភូនគរបាលកម្ពុជា ប្រជុំប្រចាំឆ្នាំ២០២៥ លើកទី៥ ជាមួយនាយកដ្ឋានបង្ការប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិវៀតណាម និងនាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀននៃក្រសួងនគរបាលវៀតណាម
ខេត្តសៀមរាប ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា បានដឹកនាំប្រតិភូនគរបាលកម្ពុជា ប្រជុំប្រចាំឆ្នាំ២០២៥ លើកទី៥ ជាមួយនាយកដ្ឋានបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិវៀតណាម និងនាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយរងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍-វរសេនីយ៍ នាយករងមន្ទីរ និងស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានី និងខេត្តជាប់ព្រំដែន និងលោកឧត្តមសេនីយ៍ត្រី ហ្វៀន ង៉ុកកាញ់ ប្រធានគណៈប្រតិភូ និងប្រតិភូអមជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី ហ្វៀន ង៉ុកកាញ់ ប្រធានគណៈប្រតិភូ និងប្រតិភូអម ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ លើកទី៥ ជាមួយនគរបាលជាតិកម្ពុជា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តថា ក្នុងកិច្ចប្រជុំនេះ គឺដើម្បីផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ក្នុងគោលបំណងពង្រឹងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន សំដៅពង្រឹងការយល់ដឹង អំពីល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងចែករំលែកព័ត៌មានសំខាន់ៗ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន សម្របសម្រួលកិច្ចប្រតិបត្តិការរួម ដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀននៅតាមព្រំដែន។
ឯកឧត្តម គូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីធ្វើឱ្យព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជិតខាងក្លាយជាតំបន់ប្រកបដោយសន្តិភាព និងគ្មានគ្រឿងញៀន៕