លោក សាមុត សុធារិទ្ធ​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ចូលរួម​ក្នុងពិធី​បេីកសសម្ពោធ​ សណ្ឋាគារត្រាយម៉ូលា​(Trimulia​ Hotel) ក្រុងព្រះសីហនុ​. 

(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងសណ្ឋាគារ ត្រាយម៉ូលា របស់ក្រុមហ៊ុន ហ្គោលដេន អូអេស៊ីស អេនធើធេនម៉ិន (GOLDEN OASIS ENTERTAINMENT) ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ​ ដោយមានការអញ្ជើញចូលរូមពីឯកឧត្តម​ លោកឧត្តមសេនីយ៍​ នាយករដ្ឋ​បាល​ លោកអភិបាលក្រុង​ ប្រធាន/អនុប្រធានមន្ទីរ-អង្គភាព និងលោក ឈួង វ័ងវ៉ (CHHONG HWANG WEI)នាយកប្រតិបត្តិ នៃក្រុមហ៊ុន ត្រាយម៉ូលា គ្រុប (TRIMULIA GROUP)។

ឆ្លៀតក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅនិងចូលរួមអបអរសាទរចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវសណ្ឋាគារ ត្រាយម៉ូលា នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី និងកំពុងបំពេញតួនាទីជាប៉ូលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ បានលើកឡើងថា សណ្ឋាគារត្រាយម៉ូលា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់។​

លោកអភិបាលរងខេត្ត បានបន្ថែមថា សណ្ឋាគារត្រាយម៉ូលា នេះបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១​ របស់រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោក​ សាមុត​ សុធារិទ្ធ​ បានគូសបញ្ជាក់ទៀតថាពិធីសម្ពោធនេះជាសក្ខីភាពថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញពី ការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាករងខេត្ត ក៏បានជូនពរឱ្យសណ្ឋាគារ ត្រាយម៉ូលា (TRIMULIA) ទទួលបានជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើង ពីសំណាក់ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។​

សូមជម្រាបដែរថា សណ្ឋាគារ​ត្រាយម៉ូលា​ គឺជាសណ្ឋាគារលំដាប់​ខ្នាតអន្តរជាតិដែលធំជាងគេស្ថិតនៅចំកណ្តាលទីក្រុង​ព្រះសីហនុ​ ដែលងាយស្រួលសំរាប់ភ្ញៀវជាតិ និងអន្តរជាតិមកស្នាក់នៅ និងកំសាន្តនៅខេត្តព្រះសីហនុ​ បន្ទប់ស្នាក់នៅមានភាពស៊ីវិល័យ ប្រកបដោយផាសុខភាព មានអាងទឹកដ៏ស្រស់ស្អាត់នៅលេីលំហ ព្រមទាំងមាន​ Sky Bar ដ៏មានប្រណិតភាពដែលអាចអោយភ្ញៀវគយគន់ទេសភាព និងសម្រស់ឆេីតឆាយនៃទីក្រុងព្រះសីហនុបានគ្រប់ជ្រុងជ្រោយ ការបើកសម្ពោធសណ្ឋាគារនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ កាន់តែមានសក្តានុពលក្នុង ទាក់ទាញវិនិយោគិននិងទេសចរណ៍ ប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែកញ្ញា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា​(Harry​VS)

default

 

 

ព័ត៌មានដែលជាប់ទាក់ទង