យោធាថៃ បើកការបាញ់ប្រហារទាំងអាវុធធន់ធ្ងន់ និងស្រាល លើកម្ពុជា នៅតំបន់អានសេះ តែកម្ពុជា អត់ធ្មត់គោរពបទឈប់បាញ់!

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោងប្រមាណ ១១:៥២នាទី យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់ មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ នៅពេលនេះ កងទ័ពកម្ពុជា បាននិងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។

ក្រសួងការពារជាតិ បញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃ អនុវត្តនិងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា៕

 

ផ្សាយ​:ថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង