រដ្ឋបាលខេត្តព្រះសីហនុ ប្រារឰពិធីកាន់បិណ្ឌ និងដាក់បិណ្ឌ៧ នៅវត្តគីរីស្ទឹងឆាយ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុបាន អញ្ជើញដឹកនាំមន្ត្រីរាជការរដ្ឋបាលខេត្តព្រះសីហនុ កាន់បិណ្ឌវេណទី៧ នៅវត្តគិរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូល រួម ពីឯកឧត្តម សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្តស្ទឹងឆាយជាច្រេីននាក់ទៀត។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមក ប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិស កុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមក ទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈ ព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅ ទីស្ថានបរមសុខគ្រប់ៗជាតិ។
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោម ពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយ ពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖
ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅ ប្រគេនព្រះសង្ឃ ។
ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋ តែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទាន ចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
បន្ទាប់ពីធ្វើកិច្ចបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះ សម្មាសម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លង ព្រះធម៌ព្រះសម្មាសម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានរាបបាត វេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិស កុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល សូមទទួលបាននូវមគ្គផល កុសលផល បុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវ ពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ផ្សាយ:ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)