លោក​ សាមុត​ សុធារិទ្ធ​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលារៀនអន្តរជាតិអ៊ី​សិន​ ក្នុងការរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងចំណេះដឹង​.

(ខេត្តព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា និងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមនៃសាលារៀនអន្តរជាតិអ៊ីសិន​ ក្នុងឆ្នាំសិក្សា​២០២៤-២០២៥​ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥​ នេះ នៅ​សណ្ឋាគារឆ្នេរសុខា​ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ​ ក្នុងនោះក៏មានវត្តមានលោកស្រីប្រធានមន្ទីរអប់រំ​ យុវជននិងកីឡា​ អភិបាលរង​ក្រុង​ នាយកសាលា លោក-លោកស្រី​មន្ត្រី​រាជការ​ និងអាណាព្យាបាលសិស្សានុសិស្សយ៉ាងច្រេីនកុះករ។

នាឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្តព្រះសីហនុ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក នៃសាលារៀនអន្តរជាតិអ៊ីសិន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិកា វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សី ដ៏ល្អ ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយ ភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តព្រះសីហនុ បានចូលរួមអបអរសាទរចំពោះសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ​ លោកអភិបាលរងក៏បានគូសបញ្ជាក់ថា សាលារៀនអន្តរជាតិអ៊ីសិន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឃាង សុខហេង បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រាប់ចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការកសាង និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា៕

សូម​បញ្ជាក់​ផងដែរ​ថា​ សាលារៀនអន្តរជាតិអ៊ីសិនគឺជាសាលារៀនឈានមុខគេមួយក្នុងខេត្តព្រះសីហនុ ដែលបានបេីកដំេណេីរការចាប់តាំងពីឆ្នាំ២០១៥ ដោយមានវគ្គបណ្តុះបណ្តាលគ្រប់ម៉ោង​ សំរាប់សិស្សានុសិស្ស និងមានវគ្គសិក្សាភាសាជាតិ និងអន្តរជាតិគ្រប់កំរឹត ព្រមទាំងមានគ្រូជាតិ និងអន្តរជាតិប្រកបដោយបទពិសោធន៍ ក្នុងការបង្រៀនយូរឆ្នាំ៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែកញ្ញា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា

 

ព័ត៌មានដែលជាប់ទាក់ទង