ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ផ្ទះចំនួន ៤ខ្នង ជូនដល់គ្រួសារទុរគតជនបួនគ្រួសារ.
(ខេត្តព្រះសីហនុ): ផ្ទះចំនួន ៤ខ្នង ធ្វើអំពីដែកជញ្ជាំងស៊ីម៉ងម៍ ប្រក់ស័ង្កសីដែលមានទំហំ ៤មx៨ម មានចង្ក្រានបាយ និងបង្គន់អនាម័យ ស្ថិតនៅក្នុងឃុំជើងគោ១ខ្នង ឃុំតានៃ១ខ្នង ក្នុងស្រុកព្រៃនប់ និងឃុំកំពង់សីលា២ខ្នង ក្នុងស្រុកកំពង់សីលា ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋទុរគតជនបួនគ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជេីញចូលរួមពី សមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទ លោកឧកញ៉ា អ្នកឧកញ៉ា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានទី១កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: គ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយស្របតាមពាក្យស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា”។
ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់ នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ក្រៅពីការប្រគល់ផ្ទះ សាខាកាកបាទក្រហមក៏បានផ្តល់ជូនបន្ថែមនូវសម្ភារ: ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ៥០គ.ក កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ កន្ទេល១ ទឹកត្រី១យួរ ស្បែកជើង ៥គូរ សម្ភារៈផ្ទះបាយ ១ឈុត និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល ក្នុងពេលនោះដែលសមាជិកគណ:កម្មាធិការសាខា បានឧបត្ថម្ភបន្ថែមក្នុង១គ្រួសារ៤០ម៉ឺនរៀល ៕
ផ្សាយ:ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)