(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកឯម ភាព អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកនប់ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងឪកាសនេះដែរ លោក ស៊ុន សុភាព នៅចំពោះមុខគណ:ធិបតីដែលត្រូវបានរាជរដ្ឋាភិបាលទុកចិត្ត នឹងតែងតាំងជាអភិបាលរង នៃគណ:អភិបាលស្រុកព្រៃនប់ ក៏បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និង ក្រុមប្រឹក្សាឃុំ នៃស្រុកព្រៃនប់ ដែលតែងតែផ្តល់ការណែនាំគាំទ្រ ក្នុងការបំពេញភារកិច្ច ការងារនាពេលកន្លងមក។ ដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត ចំពោះរាជរដ្ឋាភិបាល ក្រសួង មហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ លោកបានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
១. សូមប្តេជ្ញា ស្មោះត្រង់ ចំពោះជាតិមាតុភូមិ ដោយលើកកំពស់ស្មារតីខិតខំប្រឹងប្រែង យកអស់ កំលាំងកាយ កំលាំងចិត្ត ប្រាជ្ញា ស្មារតី បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ប្រកបដោយវប្បធម៌សេវាសាធារណៈ គឺឆន្ទៈម្ចាស់ការ ភក្ដីភាព សីលធម៍ និងមនសិកាវិជ្ជាជីវៈខ្ពស់ ស្រប តាមគោលនយោបាយកំណែទម្រង់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល។
២.សូមប្តេជ្ញា បន្តការសហការ ដឹកនាំអនុវត្តកម្មវិធី និងគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលស្រុក ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
៣.សូមប្តេជ្ញា ខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលស្រុក ដែលបានដាក់ចេញឱ្យ បានល្អប្រសើរ និងមានប្រសិទ្ធភាព ។
៤.សូមប្តេជ្ញា ខិតខំ សិក្សា ស្រាវជ្រាវ ក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកវិទ្យា នវានុវត្តន៍ ស្របតាមបច្ចេកវិទ្យាជំនាន់បួនចុចសូន្យ និងចំណេះដឹងផ្សេងៗទៀត ឱ្យកាន់តែមានភាពរីកចំរើន ដើម្បី ឆ្លើយតបទៅនឹងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។
៥.សូមប្តេជ្ញា ខិតខំរក្សា និងប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ ស្របតាម លក្ខន្តិកៈដោយឡែកមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។
៦.សូមប្តេជ្ញា ខិតខំរក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុង រវាងជួរថ្នាក់ដឹកនាំ និងរវាងមន្ត្រីក្រោម ឱវាទ និងសហការការងារជាមួយការិយាល័យ អង្គភាពនានា និងរដ្ឋបាលឃុំ ឱ្យបានល្អប្រសើរ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់លោកអភិបាលរងក្រុង និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ត្រូវពង្រឹងកិច្ចប្រតិបត្តិការជាមួយគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹងឱ្យបានល្អ និងត្រូវអនុវត្តឱ្យបាននូវអភិក្រមរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរ គឺ“កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។ ត្រូវគោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានា
យកប្រយោជន៍ជាតិ និងប្រជាជនជាធំ ចូលរួមចំណែកការពារអធិបតីភាព បូរណភាពដែនដី ការពារសន្តិភាព ស្ថេរភាព នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងប្រជាជនទូទាំងក្រុងព្រះសីហនុ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រដ្ឋបាលឯកភាព និងសហការជាមួយស្ថាប័នផ្សេងៗព្រមទាំងដៃគូអភិវឌ្ឍន៍ឱ្យបានល្អប្រសើរក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល បន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាបង្កាទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ តាមរយៈការពង្រឹងប្រតិបត្តិការរបស់កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ និងជារួមទូទាំងខេត្តព្រះសីហនុ។
ផ្សាយ:ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)