(ខេត្តព្រះសីហនុ): នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកឯម ភាព អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងលោកនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នាឱកាសនោះ លោក ឃន ម៉ន ដែលត្រូវបានរាជរដ្ឋាភិបាលទុកចិត្ត នឹងតែងតាំងពីនាយករដ្ឋបាលក្រុងព្រះសីហនុមកជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ បានឡេីងធ្វើការបេ្តជ្ញាចិត្តដូចខាងក្រោម៖
១-សាមគ្គីផ្ទៃក្នុង សហការក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការក្រោមឱវាទប្រកបដោយតម្លាភាព
២-ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារជូនអង្គភាព ឱ្យទទួលបានលទ្ធផល ជាផ្លែផ្កា
៣-ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពនានា ជុំវិញខេត្តឱ្យបានល្អ
៤-ខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ
៥-រង់ចាំទទួល និងអនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់លោកអភិបាលរងក្រុង និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ត្រូវពង្រឹងកិច្ចប្រតិបត្តិការជាមួយគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹងឱ្យបានល្អ និងត្រូវអនុវត្តឱ្យបាននូវអភិក្រមរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរ គឺ“កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។ ត្រូវគោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានា យកប្រយោជន៍ជាតិ និងប្រជាជនជាធំ ចូលរួមចំណែកការពារអធិបតីភាព បូរណភាពដែនដី ការពារសន្តិភាព ស្ថេរភាព នយោបាយនិងសណ្តាប់
ធ្នាប់សាធារណៈត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងប្រជាជនទូទាំងក្រុងព្រះសីហនុ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រដ្ឋបាលឯកភាព និងសហការជាមួយស្ថាប័នផ្សេងៗព្រមទាំងដៃគូអភិវឌ្ឍន៍ឱ្យបានល្អប្រសើរក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល បន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាបង្កាទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ តាមរយៈការពង្រឹងប្រតិបត្តិការរបស់កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ និងជារួមទូទាំងខេត្តព្រះសីហនុ។
ផ្សាយ:ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)