ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមបើកដំណើរការប្រតិបត្តិការជាផ្លូវការ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ.
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមបើកដំណើរការប្រតិបត្តិការជាផ្លូវការ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។
អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រពីកណ្តាលក្រុង ត្រូវបានសាងសង់លើផ្ទៃដី ដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា។ ការបើកដំណើរការនេះ គឺជាជំហានប្រវត្តិសាស្ត្រសម្រាប់វិស័យអាកាសចរណ៍កម្ពុជា ដែលនឹងលើកកម្ពស់សេវាកម្មដឹកជញ្ជូនអាកាស ទាក់ទាញវិនិយោគ និងជំរុញឧស្សាហកម្មទេសចរណ៍។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដែលជា កម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួល យន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។
ផ្សាយ:ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
រូបថត:រដ្ឋបាលខេត្តកណ្តាល