សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ បានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណាឱ្យបានល្អិតល្អន់​ រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ ។

(ភ្នំពេញ)​៖ នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ បានធ្វេីការបង្ហោះសារលេីបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយសម្តេច បានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណាឱ្យបានល្អិត ល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ទាំង កណ្តាលអាធ្រាត្រ បន្ទាប់ពីពលរដ្ឋខ្មែរផ្ទុះការខឹងសម្បា ហើយពហិការកូកាកូឡា ព្រោះក្រុមហ៊ុនផ្តាច់កុងត្រា ផ្សព្វផ្សាយជាមួយតារារ៉េបវណ្ណដា ។

ខាងក្រោមជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ ” សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ ស្ងាត់សិននិងពិចារណាឲ្យបានដឹតដល់។ ដំបូងយើងត្រូវ ដឹងថាតើក្រុមហ៊ុន ផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារ វណ្ណដាស្រឡាញ់ជាតិឬយ៉ាងណា?

បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផល អាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរព្រោះផលិតនៅក្នុង កម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និងទទួលផល។ ការបង់ពន្ធក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះ កម្ពុជា គឺជា អ្នកខាតបង់ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើងចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូង ដូចជាគំរាមកាត់ផ្តាច់អគ្គីសនី ផ្តាច់អ៊ីនធើណែត ឈប់លក់ ប្រេងតែយើងបានម្ចាសការកាត់ផ្តាច់និងឈប់ទិញជាមុន ដើម្បីកុំឲ្យគេគំរាមយើងបានទៀត ។

ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះ ផលិតនៅថៃ បងប្អូន អាចឈប់ប្រើបាន តែបើកូកានេះ ផលិតនៅកម្ពុជា បង ប្អូនពហិការមិនប្រើកម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំង ប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលរបស់ប្រជា ជននិងចំណូលរដ្ឋ ។

ក្រៅពីរឿងសេដ្ឋកិច្ចនៅមានរឿងសំខាន់មួយទៀត គឺគេរុញ យើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវា បង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងកម្ពុជាជាមួយអាមេរិកតែម្តង ។

សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ។ សូម្បីតែក្រុម ហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ ។

ពុកសង្ឃឹមថាវណ្ណដា និងយល់ទោះគេបញ្ឈប់កូនដោយ មូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំដើម្បីប្រយោជន៍ ជាតិ។ វណ្ណដាតំណាងឲ្យស្មារតីលះបង់ដើម្បីប្រយោជន៍ ជាតិ ៕

 

ផ្សាយ​:ថ្ងៃទី​១៨ ខែសីហា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង