លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកំពុងទទួលការរិះគន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ វគ្គ៣

ផ្សាយចេញនៅថ្ងៃទី១៥ខែកក្តដាឆ្នាំ២០២៥

ខេត្តត្បូងឃ្មុំ : លោក ម៉ឹង ដាវីន មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែកខេត្ត ត្បូងឃ្មុំ រងការចោទប្រកាន់ថា ប្រើជនស៊ីវិលនិងមន្ត្រីគយ អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូចធំ ដឹកជញ្ជួនដំឡូងមី ទៅវៀតណាម និងទំនិញមួយចំនួន ខុសច្បាប់ចេញពីវៀតណាម ឲ្យចូលមកប្រទេសកម្ពុជា បង់លុយតាមការកំណត់ បែបគ្មានវិក័យប័ត្រ ។

បើយោងតាមប្រភពមួយ បានបញ្ជាក់ឲ្យដឹងថា លោកម៉ឹង ដាវីន ឡើងកាន់តំណែងជាប្រធានគយច្រកព្រំដែនត្រពាំងផ្លុង បានកែទម្រង់ដើម្បីប្រមូលចំណូល បែបបង់ប្រាក់គ្មានវិក័យប័ត្រ បង់ពន្ធមិនគ្រប់ ឬមួយទំនិញមួយចំនួនទៀត ត្រូវបានគេចពន្ធដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឡែក ផលិតផល និងទំនិញមួយចំនួនមិនបានត្រួតពិនិត្យ។

ប្រភពបានបន្តទៀតថា ក្រុមអ្នករកស៊ីមិនហ៊ានរឹងទទឹងចំពោះគយ ដ៏មានឥទ្ធិពល ច្រកព្រំដែន ត្រពាំងផ្លុងនោះទេ ពីព្រោះពួកគាត់ ត្រូវប្រកបមុខរបរនៅទីនោះ ដូច្នេះមាន តែបង់លុយ អោយទៅក្រុមគយ ដែលពួកគេទាមទារតែប៉ុណ្ណោះ។

ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសវៀតណាម ក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសវៀតណាម ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយជាការស្រេចតែម្តង។

ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់កណ្ដាល ហើយមួយចំណែកទៀតគេរាប់បញ្ចូល ជាលុយថ្លៃកាហ្វេ ដល់ពួកគយទាំងនោះដែរ។

ប្រភពពីសមត្ថកិច្ច នៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបឲ្យដឹងថា លោក ម៉ឹង ដាវីនបានឲ្យមន្ត្រីគយនិងភ្នាក់ងារគយរួមទាំងជនស៊ីវិលផង ដើរគាបសង្កត់ អាជីវករដែលរកស៊ីដឹកទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញ ចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ ភាគ ច្រើនគឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ម៉ឹង ដាវីន បានទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងក្នុងនាមជាមេបញ្ជាការឯកភាពខេត្តនិងលោកឧត្តមសេនីយ៍ ទោចិន នី ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ សូមមេត្តាចាត់វិធានការទប់ស្កាត់និងត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ ផលិតផលក្លែងក្លាយ (កបប)សូមចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មានសូមអរគុណ។

ព័ត៌មានដែលជាប់ទាក់ទង