សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍ អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែល មានលក្ខណៈផ្ទុយស្រួយរវាងកម្ពុជា-ថៃ.
(ប៉េកាំង): ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកាំងប្រទេស ចិន ដែលជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុង ទ្វីបទាំង៥ នៃពិភពលោក សម្តេចប្រធានរដ្ឋសភានៃ ព្រះរាជាណាចកម្ពុជា បានអំពាវនាវ ដល់សហគមន៍ អន្តរជាតិ មេត្តាចូលរួមតាមដានឱ្យបានជិតដិតលើ ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមាន លក្ខណៈផ្ទុយស្រួយដើម្បីស្តារនូវសន្តិភាព និងប្រក្រតី ភាពឡើងវិញ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន បញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារ នូវសន្តិភាព និងប្រក្រតីភាពឡើងវិញ”។ សម្តេចបន្តថា “សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាន នូវគោលបំណងរួមរបស់យើង។”
សូមជម្រាបថាចាប់តាំងពីការផ្ទុះជម្លោះឈ្លានពានរបស់ ប្រទេសថៃមកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ មក បានបង្ខំឱ្យពលរដ្ឋ កម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួម ទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះ ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោល ផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្ម របស់ខ្លួន។ ក្នុងជំរំភៀសសឹកមានមនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីខ្លះទើបឆ្លងទន្លេក៏មាន។ កុមារ ប្រមាណ ៥៨% ផ្សេងទៀត ជាពិសេសកុមារីតូចៗ មានការភ័យខ្លាចពីការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និង ការជម្លៀសចេញពីផ្ទះសម្បែង ជាពិសេសខាតបង់ ការសិក្សា។
ដើម្បីស្ដារស្ថានភាពបច្ចុប្បន្ន និងឈរលើស្មារតី ស្រលាញ់សន្តិភាពយ៉ាងស្មោះស្ម័គ្រ កម្ពុជាបានបន្ត ប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូរបទឈប់បាញ់ដែលបាន ចូលជាធរមានកាលពីថ្ងៃទី២៨ខែកក្កដា ក្រោមគំនិត ផ្តួចផ្តើមរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងសម្របសម្រួលដោយឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានព្រមទាំងមានការចូលរួម សង្កេតការណ៍ពីបណ្តាប្រទេសជាច្រើនទៀត នៅក្នុង នោះមានសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ ប៉ុន្តែ ទោះមានបទឈប់បាញ់នេះក្តី ក៏ភាគីប្រទេសថៃនៅ បន្តព្យាយាមរំលោភបំពានដល់កិច្ចព្រមព្រៀងឈប់ បាញ់បន្តបន្ទាប់ ដោយបានបង្កឱ្យមានភាពតានតឹង ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន តាមរយៈការរាយ លួសបន្លា និងកង់ឡាន ការប្រើអំពើហិង្សាលើជនស៊ីវិល កម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនៅ តាមព្រំដែន ជាដើម។
កម្ពុជាបានប្រកាន់ជំហរសន្តិភាព អត់ធ្មត់ដោយសារ មិនចង់ឃើញប្រជាពលរដ្ឋនៃប្រទេសទំាងពីររងគ្រោះ កាន់តែធ្ងន់ធ្ងរពីសង្គ្រាមឡើយ។ កម្ពុជាបានព្យាយាម តាមដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា ដើម្បីធ្វើយ៉ាងណាឱ្យ ស្ថានការណ៍ព្រំដែនវិលទៅសភាពប្រក្រតីភាព ឡើងវិញ៕
ផ្សាយ:ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា