ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ស្វាយរៀង÷ ព្រឹកថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ច ប្រជុំត្រួតពិនិត្យសភាពការណ៍ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ផេង ធី អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ ជាច្រើនរូបទៀត។