ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់អាជីវករលក់ដូរនៅច្រាំងស្ទឹងព្រែកត្នោត ដែលបានចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរក្រុងតាខ្មៅ ក្នុងការចូលរួមកែលម្អច្រាំងស្ទឹងព្រែកត្នោត.

(ខេត្ត​កណ្ដាល)​: ឯកឧត្ដម បានមានប្រសាសន៍ដូចនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ ក្រោមគណៈធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តថា៖ គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោ បែកខាងត្បូង ដើម្បីធ្វើឱ្យប្រសើរឡើង ប្រកបដោយភាពទាន់សម័យ មានសោភ័ណភាព បរិស្ថានស្អាត រៀបចំរបៀបរៀបរយឱ្យបានល្អប្រសើរជាងមុន និងរួមចំណែកអភិវឌ្ឍន៍ក្រុងតាខ្មៅ ឱ្យមានភាពស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ទើបនឹងបើកឱ្យដំណើរការនាពេលថ្មីៗនេះ។

បន្ថែមពីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានឱ្យដឹងដែរថា អាជីវករទាំង ២២តូប ដែលបានចូលរួមរុះរើ ទៅទីតាំងបណ្ដោះអាសន្ន ក្នុងការចូលរួមកែលម្អច្រាំងស្ទឹងព្រែកត្នោតបែកខាងត្បូងនេះ នៅពេលដែលច្រាំងស្ទឹងកែលម្អរួចហើយ ក៏បានត្រៀមរៀបចំតូបសម្រាប់ពួកគាត់ទាំង ២២ នេះផងដែរ ដើម្បីឱ្យពួកគាត់បន្តប្រកបរបរលក់ដូរ ចិញ្ចឹមជីវិត នៅទីតាំងច្រាំងស្ទឹងនេះបន្តទៀត។

 

ផ្សាយ​:១៦ ខែកញ្ញា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង