ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលជាសិក្ខាកាម
នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលជាសិក្ខាកាម សរុប៣៣២នាក់។
ពិធីនេះធ្វើឡើង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន ជាប្រតិភូអមដំណើរ លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលទាំង១០៥។
លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផល នៃកិច្ចការសិក្សាររយៈពេលខ្លី២សប្តាហ៍របស់សិក្ខាកាម ជូនដល់គណៈអធិបតីជ្រាប អំពីមេរៀនអនុវត្តការងារជំនាញជាក់ស្តែងនៅមូលដ្ឋាន សម្រាប់ឱ្យសិក្ខាកាមយកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឡើងមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបានចំណាយពេលអញ្ជើញ មកបិទវគ្គបំប៉នជំនាញជូនដល់សិក្ខាកាម នៅពេលនេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏សូមសម្តែងការវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ប្រកបដោយលទ្ធផលជោគជ័យ ពិសេសសម្តែងការកោតសរសើរដល់គ្រូបង្គោលតាមជំនាញនីមួយៗទាំងអស់ ដែលបានផ្តល់បទពិសោធន៍ និងខំបង្ហាត់បង្រៀនចែករំលែកខឹ្លមសារមេរៀន ដល់សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់លាស់ ជាមូលដ្ឋានបំពេញការងារជំនាញឱ្យបានត្រឹមត្រូវ។
ឯកឧត្តមស្នងការ ក៏បានផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យស្របតាមជំនាញ និងនីតិវិធី ព្រោះឯកសារសេវាតម្រូវការទាំងអស់ សុទ្ធតែជាឯកសារចាំបាច់ដែលពលរដ្ឋក្នុងសង្គមជាតិ យកទៅប្រើប្រាស់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឡើងមានមតិណែនាំបន្ថែម និងផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើន ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជាទុន និងជាចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ក្នុងពេលបំពេញភារកិច្ចការងារឱ្យចំទិសដៅ ។ ឯកឧត្តម សូមឱ្យសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវបំពេញការងារដោយភាពអំណត់អត់ធ្មត់ខ្ពស់ ព្រោះនគរបាលមូលដ្ឋានជាអ្នកដែលនៅជិតពលរដ្ឋបំផុត ដូច្នោះហើយ ហើយត្រូវគោរពវិន័យនិងក្រមសីលធម៌នគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន និងកាត់បន្ថយភាពអសកម្មដែលប៉ះពាល់អារម្មណ៍និងធ្វើឱ្យពលរដ្ឋមានការថ្នាំងថ្នាក់ ។
ក្នុងឱកាសនោះក៏មានការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ទាំង៣៣២រូប និងមានការថតរូបទុកជាអនុស្សាវរីយ៍ជាមួយ អង្គគណៈអធិបតី ផងដែរ ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ