លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលារៀនអន្តរជាតិអ៊ីសិន ក្នុងការរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងចំណេះដឹង.
(ខេត្តព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា និងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមនៃសាលារៀនអន្តរជាតិអ៊ីសិន ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារឆ្នេរសុខា ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះក៏មានវត្តមានលោកស្រីប្រធានមន្ទីរអប់រំ យុវជននិងកីឡា អភិបាលរងក្រុង នាយកសាលា លោក-លោកស្រីមន្ត្រីរាជការ និងអាណាព្យាបាលសិស្សានុសិស្សយ៉ាងច្រេីនកុះករ។
នាឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក នៃសាលារៀនអន្តរជាតិអ៊ីសិន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិកា វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សី ដ៏ល្អ ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយ ភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តព្រះសីហនុ បានចូលរួមអបអរសាទរចំពោះសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ លោកអភិបាលរងក៏បានគូសបញ្ជាក់ថា សាលារៀនអន្តរជាតិអ៊ីសិន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឃាង សុខហេង បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រាប់ចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការកសាង និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា៕
សូមបញ្ជាក់ផងដែរថា សាលារៀនអន្តរជាតិអ៊ីសិនគឺជាសាលារៀនឈានមុខគេមួយក្នុងខេត្តព្រះសីហនុ ដែលបានបេីកដំេណេីរការចាប់តាំងពីឆ្នាំ២០១៥ ដោយមានវគ្គបណ្តុះបណ្តាលគ្រប់ម៉ោង សំរាប់សិស្សានុសិស្ស និងមានវគ្គសិក្សាភាសាជាតិ និងអន្តរជាតិគ្រប់កំរឹត ព្រមទាំងមានគ្រូជាតិ និងអន្តរជាតិប្រកបដោយបទពិសោធន៍ ក្នុងការបង្រៀនយូរឆ្នាំ៕
ផ្សាយ:ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា