សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម អបអរសាទរខួបលើកទី៨០ឆ្នាំ នៃទិវា ឯករាជ្យរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម.

(រាជធានី​ភ្នំពេញ)​:នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតវៀតណាម ប្រចាំ នៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួប លើកទី៨០ឆ្នាំទិវាឯករាជ្យរបស់វៀតណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយស អញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ដោយ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបាន ឯករាជ្យរបស់ប្រជាជាតិវៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម តែង បានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ ខ្លួនយ៉ាងកងរំពងជារៀងរាល់ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។

ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ ឯកឧត្តម ង្វៀន មីញ រ៉ូ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា បានចាត់ទុកការ អញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេច តេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំ កម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃ ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជន វៀតណាម។

នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាដែល ទិវាឯករាជ្យថ្ងៃទី២ ខែកញ្ញា ជិតមកដល់ ប្រជាជនវៀតណាម មានអារម្មណ៍រីករាយ នៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង ការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិ ធម៌។ ទឹកចិត្តស្នេហាជាតិ និងពលីកម្ម របស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបានសិទ្ធិ ស្វ័យសម្រេច តែងតែត្រូវបានចងចាំ និង ដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយ ភាពធន់, ការរួបរួម និងក្តីសង្ឃឹម។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេច ផងដែរថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា កម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិក្នុង តំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផង ដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពី អាណានិគមនិយម។

សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋកិច្ចជាង៧ភាគរយ ក្នុង ឆ្នាំ២០២៤។ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញ ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់

បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំរដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងសម្រេចបានទិសដៅសហស្សវត្សរ៍ចំនួនពីរ៖

ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និង មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម

ទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមាន ប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើក ទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ លើឆាកតំបន់ និងអន្តរជាតិ៕

 

ផ្សាយ​:ថ្ងៃទី​២២ ខែសីហា​ ឆ្នាំ២០២៥

ប្រភព​:ផេកសម្តេចតេជោហ៊ុន​ សែន

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង