ឯកឧត្តម​ អ៊ុន​ ចាន់​ដា​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១​ ឆ្នាំ២០២៥​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ.

(ភ្នំពេញ)​:នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ស្ថិតនៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ៕

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាស ទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តី ការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះក៏ដោយ។

នៅតែមានការព្រួយបារម្ភក៏ព្រោះតែឯកឧត្តម អភិសន្តិបណ្ឌិត សង្កេតឃើញថា អត្រា គ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេស ករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុង តួលេខខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាព ថយចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ កន្លងទៅ ខណៈនិន្នាការនេះនឹងនៅតែបន្ត ជះផលអវិជ្ជមាន ដោយសារតែកំណើននៃ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើ ចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុង កិច្ចប្រជុំ នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ ចរាចរណ៍កើតឡើងសរុប ១ ០៦៦លើក បណ្តាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និង របួស១៤៧៦នាក់។ ចំនួននេះ បើធៀបនឹង ឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ៤៦៨លើក ស្មើនឹង៣១% អ្នកស្លាប់ ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយ ចុះ ៦៤០នាក់ ស្មើ៣០%។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញការកត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែលឯកឧត្តមបានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកជាបណ្តោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ ព្រំដែនកម្ពុជា-ថៃ ធូរស្រាល។

យ៉ាងណាក៏ដោយ ថ្លែងក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ចូលរួមប្រមាណ ១៧០រូប ប្រមុខ ក្រសួងមហាផ្ទៃ ក៏បានសាទរចំពោះលទ្ធផល វិជ្ជមាន នៃការថយចុះករណីគ្រោះថ្នាក់ ចរាចរណ៍ ទាំងការស្លាប់ និងរបួស ក្នុងឆមាស ទី១ នៃដើមឆ្នាំ២០២៥នេះ ដែលជាការបញ្ជាក់ ច្បាស់អំពីលទ្ធផលនៃការខិតខំប្រឹងប្រែង អនុវត្តច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យទិដ្ឋភាព បច្ចេកទេស និងច្បាប់ ដើម្បីគ្រប់គ្រង និង កំណត់លក្ខខណ្ឌនៃការប្រើប្រាស់កង់អាគុត្យ ឬកូនរថយន្តអាគុយ (ជិះម្នាក់ពីរ) ដ្បិតការប្រើ ប្រាស់មានកំណើន សកម្មភាពចរាចរណ៍ មានលក្ខណៈទូទៅ ទាំងលើផ្លូវជាតិ ពិសេស ចាប់ផ្តើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ ចរាចរណ៍…។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបកនាយករដ្ឋមន្ត្រី បានណែនាំឱ្យ រដ្ឋបាលខេត្តមួយចំនួន រៀបចំសិក្សាលើការបង្កើតសួនសុវត្ថិភាពចរាចរណ៍ សិប្បនិម្មិតនៅតាមទីតាំងមួយចំនួន ព្រោះសួន នេះមិនត្រឹមតែសម្រាប់សិស្សានុសិស្សនោះ ទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជន ឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែល បានរៀននៅសាលាបើកបរ ដើម្បីពង្រឹង ការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ៕

 

ផ្សាយ​:ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង