ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាក្នុងឃុំព្រែកតាមាក់ និងឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល.ឋ
(ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៤ ភូមិ សរុបចំនួន ១១ ៥៣៩ បណ្ណ ស្ថិតនៅ ឃុំព្រែកតាមាក់ និងឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់វណ្ណនី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តសុវណ្ណវត្តី ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការសរសើរ ដល់មន្ត្រីសូរិយោដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានយ៉ាងល្អប្រសើរ ឈនដល់ការចែកបណ្ណកម្មសិទ្ធិនាឱកាសនេះ ទទឹមនឹងនេះក៏ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ទើបយើងអាចកសាងឯកសារ និងឈានដល់ការចេញបានកម្មសិទ្ធិជូនដល់កម្មសិទ្ធិករទាំងអស់នាថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងដីធ្លី គឺពិតជាសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការស្នាក់នៅ និងប្រើប្រាស់តាមតម្រូវការផង និងកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ក្រោយពេលទទួលបាននេះហើយសូមរក្សាទុក្ខ និងយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតរបស់យើងប្រចាំថ្ងៃ។
ផ្សាយ:ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)