ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ សាធារណៈឡាវ បន្តប្តេជ្ញារួមគ្នាទប់ស្កាត់អំពើ ជួញដូរមនុស្ស និងគ្រឿងញៀន នៅតាមខ្សែរ បន្ទាត់ព្រំដែន!
(ភ្នំពេញ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈឡាវ បានអះអាងជាថ្មី អំពីការបន្ត ប្តេជ្ញាចិត្តរួមគ្នាសាមគ្គីទប់ស្កាត់អំពើជួញដូរ មនុស្ស និងការជួញដូរគ្រឿងញៀននៅតាមខ្សែរ បន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូរសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។
ការអះអាងជាថ្មីនូវឆន្ទះពង្រឹងកិច្ចសហប្រតិបត្តិ ការនេះ បានធ្វើឡើង នាជំនួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុង ឱកាសឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈឡាវ ដឹកនាំសហការី អញ្ជើញមកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ វីល័យ ឡាខាំហ្វូង ក៏បានសម្តែងនូវការ អបអរសាទរ ចំពោះការប្រារព្ធខួបលើកទី៨០ នៃ ការបង្កើតកងកម្លាំងនគរបាលជាតិ។ ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕
ផ្សាយ:ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)