ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ថា ” នៅក្នុងវិស័យសារព័ត៌មានកម្ពុជា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានទាំងអស់សុទ្ធតែមាន​ និងបានអនុវត្តសិទ្ធិ និងសេរីភាពដូចគ្នា មានតម្លៃស្មើៗគ្នា ពោលគឺពុំមានអ្នកណាមានតម្លៃលើសអ្នកណា ឬជាតួឯកក្នុងការងារនេះឡើយ នេះហើយសមភាព ភាពយុត្តិធម៌ ចម្រុះ និងបរិយាបន្ននៅក្នុងវិស័យសារព័ត៌មានកម្ពុជាសព្វថ្ងៃ “។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ ក្រុមការងារអេបក្រសួងព័ត៌មាននៅថ្ងៃទី៦ ខែឧសភានេះថា កម្រិតសុវត្ថិភាពការងាររបស់អ្នកសារព័ត៌មាននៅកម្ពុជាកាន់កើនខ្ពស់ជាមុនដែលធានាអោយអ្នកសារព័ត៌មានបំពេញការងារដោយគ្មានការភ័យខ្លាច។

ឯកឧត្តម ទេព អស្នារិទ្ធ បានលើកយកលទ្ធផលស្ទង់មតិឆ្នាំ២០២៥ដែលធ្វើឡើងថ្មីៗនេះមកបង្ហាញថា អ្នកសារព័ត៌មានដែលចូលរួមស្ទង់មតិចំនួនជាង ៨៦ភាគរយ បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

តាមលទ្ធផលនេះ បានបង្ហាញអំពីកម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២ភាគរយបើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨ភាគរយ។ ការបញ្ជាក់នេះជាការឆ្លើយតបចំពោះក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។

លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រាប់ អេបក្រសួងព័ត៌មាន នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំនេះថា ចំពោះអ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍តែជុំវិញបញ្ហាសេដ្ឋកិច្ច រឿងមិនប៉ះពាល់បរិស្ថាន រឿងដែលមិនប៉ះពាល់ចំណុចអវិជ្ជមានឬរឿងមិនរសើប គឺគាត់មិនសូវប្រឈមនឹងបញ្ហាសន្តិសុខសុវត្ថិភាពទេ ផ្ទុយទៅវិញចំពោះអ្នកសារព័ត៌មានឯករាជ្យ ដែលធ្វើសេចក្តីរាយការណ៍ អំពីបញ្ហារសើប គឺមិនទាន់ធានាថាមានសុវត្ថិភាពគ្រប់គ្រាន់ទេ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងព័ត៌មានស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ បានបង្ហាញថា ប្រតិបត្តិករ និងតួអង្គជាតិអន្តរជាតិ បានមើលឃើញជាក់ស្តែងអំពីសកម្មភាពផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ មានចម្រុះប្រធានបទ ដោយមានការរាយការណ៍ព័ត៌មានលើគ្រប់វិស័យទាំងអស់ក្នុងសង្គម ទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបរដ្ឋនិងឯកជន ។

សូមបញ្ជាក់ថា នៅក្នុងវិស័យសារព័ត៌មានកម្ពុជា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានទាំងអស់សុទ្ធតែមាន​ និងបានអនុវត្តសិទ្ធិ និងសេរីភាពដូចគ្នា មានតម្លៃស្មើៗគ្នា ពោលគឺពុំមានអ្នកណាមានតម្លៃលើសអ្នកណា ឬជាតួឯកក្នុងការងារនេះឡើយ នេះហើយសមភាព ភាពយុត្តិធម៌ ចម្រុះ និងបរិយាបន្ននៅក្នុងវិស័យសារព័ត៌មានកម្ពុជាសព្វថ្ងៃ។ ទាំងនេះគឺជា ភាពប្រសើរឡើង ប្រកបដោយភាពធន់និងសុខដុមនីយកម្ម ស្របតាមការប្រែប្រួល ក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលក្លាយជាភាពខ្លាំងមួយដ៏ចាំបាច់សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា យ៉ាងពិតប្រាកដ៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​ VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង