ឯកឧត្ដម គួច ចំរើន ” ការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ត្រូវបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត “.
(ខេត្តកណ្តាល): ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រឡងស្នាដៃចម្លាក់ប្រាក់-ស្ពាន់ខ្មែរ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមប្រធានបទ “ជំនាញដូនតាក្រោមម្លប់សន្តិភាព” នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកពញាឮ។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា៖ ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ជាកត្តា គន្លឹះក្នុងការជម្រុញឱ្យមានការចូលរួម និងបណ្តុះស្មារតីគោរពស្រឡាញ់នូវវប្បធម៌ជាតិយើងទាំងរូបី និងអរូបី ដោយបង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងបង្កើតកាលានុវត្តភាព តាមរយៈ ការបង្កើនសេវា និងផលិតផលវប្បធម៌ ជាគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ បន្តលើកទឹកចិត្តឱ្យមានការចូលរួមសិក្សាស្រាវជ្រាវឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជំរុញឱ្យមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវ របស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរ ជាពិសេសក្នុងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ដើម្បីបង្កើនចែករំលែក និងផ្សព្វផ្សាយមាតិកាឌីជីថលថ្មីៗ អំពីវប្បធម៌ជាតិខ្មែរ ដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាតិ និងអន្តរជាតិ។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាព មួយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិរក្ស និងលើកស្ទួយ វប្បធម៌ពីដូនតា ព្រមទាំងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ ជីវភាពរស់នៅ សម្រាប់យុវជន និងជម្រុញសេដ្ឋកិច្ចនៅមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។ ដោយឡែក ការរៀបចំកម្មវិធីប្រឡងស្នាដៃចម្លាក់ប្រាក់-ស្ពាន់ ដែលត្រូវបានបញ្ចប់ នាពេលនេះ ជាគំនិតផ្តួចផ្តើម ក្នុងគោលបំណងលើកទឹកចិត្តដល់សិប្បករចម្លាក់របស់យើង បានបង្ហាញទេពកោសល្យ និងស្នាដៃដ៏វិចិត្ររបស់ខ្លួន ដើម្បីក្រើនរំលឹក បំផុសស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន ដោយទឹកដៃចម្លាក់នេះគឺជាទេពកោសល្យមួយបែប ដែលត្រូវការហាត់រៀន និងអនុវត្ត ប្រកបដោយភាពអត់ធ្មត់តស៊ូ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ហើយសិប្បករចម្លាក់ទាំងអស់ នៅតែបន្តពង្រឹងជំនាញ សមត្ថភាព និងទេពកោសល្យ របស់ខ្លួនបន្ថែមទៀត ព្រមទាំងផ្ទេរនូវចំណេះជំនាញទាំងនេះទៅអ្នកបន្តវេន ដោយរក្សាបាននូវទម្រង់ខ្នាតសិល្បៈជាតិ ពង្រឹងមូលដ្ឋាននៃអត្តសញ្ញាណជាតិជាយូរអង្វែង សម្រាប់យុវជនជំនាន់ក្រោយ ប្រកបដោយចីរភាពទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកពញាឮ សមាគមអ្នកផលិតចម្លាក់ប្រាក់-ស្ពាន់ខេត្ត ដែលបានចែករំលែក ចំណេះជំនាញ និងបទពិសោធន៍ដ៏មានតម្លៃ ព្រមទាំងសហការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងប្រជែងនេះ រហូតបានចេញជាផ្លែផ្កា ប្រកបដោយលទ្ធផលវិជ្ជមាន ក្នុង គោលបំណងអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ជាតិ។
ផ្សាយ:ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)