សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៥នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងជួញដូរមនុស្ស

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ បានបើកប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិចិន៥នាក់ និងរំដោះស្ត្រីជនជាតិម៉ាឡេស៉ីម្នាក់ ក្នុងករណីចាប់ជំរិតទារប្រាក់ បង្ខាំង និងជួញដូរមនុស្សដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។

ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា មាននារីម្នាក់ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។

 

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង២កន្លែង កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានស្វែងរកឃើញស្រ្តីជនជនជាតិម៉ាឡេស៊ី ដែលជាជនរងគ្រោះ និងឃាត់ខ្លួនបុរសជនជាតិ៥នាក់ ក្នុងនោះមាន២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងក្រុមហ៊ុន១កន្លែង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងក្រុមហ៊ុន១កន្លែងទៀត ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជាកន្លែងរំដោះបានជនរងគ្រោះ)។

 

បើតាមការរៀបរាប់របស់នារីរងគ្រោះ នៅចំពោះមុខសមត្ថកិច្ច គឺរូបនាងត្រូវបានជនជាតិចិន ១ក្រុមចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ បន្ទាប់ពីចាប់ខ្លួននេះ ពួកគេបានឱ្យនាងវេលុយចូលទៅកុងធនាគារពួកគេចំនួន៧ពាន់ដុល្លារ និងត្រូវបានលក់ឱ្យបម្រើការងារពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ ជនរងគ្រោះ បានអះអាងថា អំឡុងត្រូវបានចាប់ខ្លួននោះ នាងបានបាត់បង់លុយជាង៩ម៉ឺនដុល្លារ និងទូរស័ព្ទដៃ០២គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះបាន សំណូមពរទាមទារលុយ និងសម្ភារដែលបាត់បង់ត្រឡប់មកវិញ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា លែងតែមន្រ្តីការទូតប៉ុណ្ណោះ។ ប្រតិបត្តិការនេះក៏មានគោលដៅស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្សផងដែរ៕

ព័ត៌មានដែលជាប់ទាក់ទង